រដ្ឋាភិបាលអូស្រ្តាលីចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីមួយដើម្បីចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រទេសអូស្រ្តាលី បានចាប់ផ្តើមគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធថ្មី ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ ខណៈគំនិតផ្តួចផ្តើមថ្មីនេះនឹងចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាប្រកបដោយគុណភាព។ នេះបើយោងតាមលើកឡើងរបស់ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

ស្ថានទូតអូស្ត្រាលីបានឱ្យដឹងថា ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) នឹងចូលរួមជាមួយកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។

ស្ថានទូតអូស្ត្រាលីបានឱ្យដឹងដូច្នេះថា “P4I បានចាប់ផ្តើមយ៉ាងរហ័ស និងកំពុងគាំទ្រកំណែទម្រង់មួយចំនួន រួមមាន ការកែលម្អហិរញ្ញប្បទានកាកសំណល់រាវ ការកសាងសមត្ថភាពឳ្យប្រទេសកម្ពុជាអាចប្រើប្រាស់ភាពជាដៃគូរវាងសាធារណៈ និងឯកជនប្រកបដោយប្រសិទ្ធភាព និងគាំទ្រដោយការវាយតម្លៃគុណភាពនិងគុណតម្លៃរបស់គម្រោង”។

ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព នឹងជាមធ្យោបាយផ្ទាល់មួយ ដើម្បីជំរុញការស្តារឡើងវិញប្រកបដោយបរិយាបន្ននូវផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ហើយនឹងជួយកសាងតំបន់ដែលមានស្ថេរភាព ភាពធន់ និងរីកចម្រើនផងដែរ។

ស្ថានទូតអូស្ត្រាលីបានឱ្យដឹងបន្តថា អូស្រ្តាលីមានមោទនភាព ដែលបានឈរនៅក្បែរប្រទេសកម្ពុជា និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here