ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ទីស្ដីការគណៈរដ្ឋមន្ត្រី នឹងរៀបចំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ ( Zoom ) ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ហាផ្សេងៗមួយចំនួនទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការណៈរដ្ឋមន្ត្រីនាថ្ងៃទី ៥ខែកក្កដា ឆ្នាំ ២០២១នេះ បន្ទាប់ពីមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ការរៀបចំកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង៨៖៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
-->
រដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់វិនិយោគដំបូង នៅក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ ដែលបានអនុម័ត និងដាក់ឲ្យអនុវត្តចាប់តាំងពីឆ្នាំ ១៩៩៤មក ហើយដែលបន្ទាប់មក ត្រូវបានធ្វើវិសោធនកម្មច្បាប់នៅឆ្នាំ២០០៣ ឲ្យស្របទៅ តាមការវិវត្តន៍ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជានាពេលនោះ។
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ក្នុងនោះច្បាប់វិនិយោគមួយ ដែលមានភាពទាក់ទាញ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រកួតប្រជែងខ្ពស់ គឺជាកត្តាដែលមិនអាចខ្វះបាន ដែលទាមទារឲ្យរាជរដ្ឋភិបាល មានភាពចាំបាច់ក្នុងការពិនិត្យឡើងវិញ នូវក្របខណ្ឌគតិយុត្តិ និងរៀបចំច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីឲ្យសមស្របទៅនឹងបរិការណ៍តំបន់ ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា បើទោះបីជាច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន មានលក្ខណៈបើកទូលាយជាងច្បាប់របស់បណ្តាប្រ ទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ៕