សុខុម
CNN: តំបន់ភ្នំស្វយ័តទីបេតិ៍ បានដាក់ឱ្យដំណើរការគម្រោងខ្សែរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ខ្លួនដើម្បីស្វាគមន៍អ្នកធ្វើដំណើរទាំងឡាយ ដែលនឹងមានឱកាសបានគយគន់ទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៣០ មិថុនា។
ផ្លូវដែកប្រវែង៤៣៥គីឡូម៉ែត្រដែលភ្ជាប់រដ្ឋធានីឡាសា នៃតំបន់ទីបេតិ៍ ជាមួយក្រុង Nyingchi ខាងលើនេះត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៥ ខែមិថុនា ដោយផ្តល់លទ្ធភាពឱ្យតំបន់ថ្នាក់ខេត្តទាំង៣១ នៃចិនដីគោក ទទួលបានបទពិសោធន៍ធ្វើដំណើរតាមរថភ្លើងល្បឿនលឿន។
-->

ការស្ថាបនាផ្លូវដែកល្បឿនលឿននៅតំបន់ភ្នំស្វយ័តទីបេតតិ៍ ដ៏សែនខ្ពស់ដែលត្រូវបានគេប្រសិទ្ធនាមថា “Roof Of The World” (ដំបូលនៃភពផែនដី) មិនមែនជារឿងងាយ។ ៩០%នៃផ្លូវដែកដែលប្រើពេលស្ថាបនាដល់ទៅ៦ឆ្នាំនេះស្ថិតនៅកម្ពស់ជាង៣.០០០ម៉ែត្រពីលើកម្រិតទឹកសមុទ្រ។
ផ្លូវដែក Lhasa-Nyingchi Line ដែលមាន៩ស្ថានីយនេះឆ្លងកាត់ផ្លូវក្រោមដីចំនួន៤៧ និងស្ពានចំនួន១២១ដែលស្មើនឹងប្រមាណ៧៥%នៃផ្លូវទាំងមូល។ នេះរួមបញ្ចូលទាំងស្ពានផ្លូវដែក Zangmu Railway Bridge ប្រវែង៥២៥មែត្រដែលជាស្ពានដែករថភ្លើងធំបំផុត និងខ្ពស់បំផុតក្នុងពិភពលោកផងដែរ។

គម្រោងផ្លូវដែកដែលចំណាយអស់ទឹកប្រាក់៥,៨ពាន់លានដុល្លារនេះ គឺសម្រាប់រថភ្លើងល្បឿនលឿនដើរដោយថាមពលអគ្គិសនីលាយចំហេះ Fuxing ដែលអភិវឌ្ឍ និងដំណើរការដោយក្រុមហ៊ុនរដ្ឋចិន China State Railway Group។

រថភ្លើងនេះរត់ក្នុងល្បឿនប្រហែល១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺយឺតជាងឆ្ងាយបើធៀបទៅនឹងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអ្នកធ្វើដំណើរទាំងឡាយទទួលបានបទពិសោធន៍លើខ្សែរថភ្លើងជាច្រើនផ្សេងទៀតក្នុងប្រទេសចិន៕