លោកឧកញ៉ាលឹម ហេងៈ សភាពាណិជ្ជកម្មកម្ពុជានឹងបើកការិយាល័យនៅប្រទេសជប៉ុននាពេលឆាប់ៗនេះ

0

ដោយៈ ប៊ី

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា នឹងបង្កើតតំណាងការិយាល័យរបស់ខ្លួនជាលើកដំបូងនៅប្រទេសជប៉ុននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ខាងមុខ ដើម្បីផ្សព្វផ្សាយគោលនយោបាយវិនិយោគ និងសក្តានុពលរបស់កម្ពុជាដើម្បីទាក់ទាញអ្នកវិនិយោគិនឲ្យកាន់តែច្រើនថែមទៀតឲ្យមកបណ្តាក់ទុននៅកម្ពុជា។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងកាលពីល្ងាចថ្ងៃទី៧ ខែកក្កដាកន្លងទៅថា គម្រោងបើកតំណាងការិយាល័យនៅក្រៅប្រទេស មិនមែនមានតែនៅប្រទេសជប៉ុនមួយទេ គឺនៅមានបណ្តាប្រទេសផ្សេងទៀត ដូចជានៅកាណាដា សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក និងចិនជាដើម ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ទើបធ្វើឲ្យខកខាននូវគម្រោងទាំងនេះ។

លោកឧកញ៉ាបានថ្លែងដូច្នេះថា “គម្រោងយើងតាំងពីដើមឆ្នាំ២០២០យើងប្រុងបង្កើតនៅកាណាដា ដោយសារយើងត្រូវរៀបចំនីតិវិធីដើម្បីបោះឆ្នោតរើសតំណាងដោយសមាគមពាណិជ្ជករខ្មែរយើងនៅនឹងច្រើន ប៉ុន្តែដោយសារបញ្ហាកូវីដវាអាក់ខានអត់បានបង្កើតទៅ”។

លោកឧកញ៉ាបានឱ្យដឹងថា ប៉ុន្តែពេលថ្មីៗនេះ យើងបានប្រកាសតាមសារព័តមាន ជប៉ុនគាត់ដឹងឮ គាត់ចាប់អារម្មណ៍ដើម្បីរកតំណាងដាក់នៅប្រទេសគាត់ បានគាត់មកជួបសភាពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាណិជ្ជកម្មដើម្បីដាក់តំណាងការិយាល័យសភាពាណិជ្ជកម្មនៅប្រទេសគាត់ ហើយការដាក់មិនមែនសម្រាប់ប្រទេសទេ គឺមាននៅតាមខេត្ត ឬតាមរដ្ឋដែលមានសក្តានុពលវិនិយោគច្រើនហើយនិងទៅសហគមន៍អឺរ៉ុប អាម៉េរិក។

លោកឧកញ៉ា បានឲ្យដឹងទៀតថា ក្នុងចំណោមប្រទេសគោលដៅធំៗខាងលើ ប្រទេសជប៉ុននឹងអាចជាប្រទេសដំបូងគេដែលកម្ពុជាបង្កើតតំណាងការិយាល័យ ដោយសារស្ថានទូតជប៉ុន និងធុរជនជប៉ុនបានស្នើសុំឱ្យសភាពាណិជ្ជកម្ម បើកការិយាល័យតំណាងនៅនៅទីនោះ។

លោកឧកញ៉ា បានថ្លែងបន្តថា ជប៉ុនប្រហែលជាអាចមុនគេព្រោះគាត់ទាក់ផ្ទាល់ ដល់ញ្ចឹងយើងកំពុងរៀបចំនីតិវិធីដើម្បីរៀបចំការបោះឆ្នោតដើម្បីរើសប្រធានការិយាល័យតំណាងឲ្យវាមានតម្លាភាព មានអាណិត្តញ្ចឹងទៅ។

លោកឧកញ៉ា បានបន្តថា ដោយសារកូវីដអូសបន្លាយក៏មានប្រជុំតាមអនឡាញខ្លះដែរ ដល់ញ្ចឹងប្រហែលជាចុងឆ្នាំនឹង ឬអាចដើមឆ្នាំក្រោយយើងអាចជំរុញឲ្យបាន ដែលជារឿងល្អដែលយើងមានតំណាងសម្រាប់ឲ្យមានទំនាក់ទំនងនៅបណ្តាប្រទេសគេនឹង។

លោកឧកញ៉ា បានឱ្យដឹងទៀតថា និយាយចំគ្រប់វិស័យទាំងអស់ដែលយើងត្រូវផ្សព្វផ្សាយ ប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍មកកម្ពុជាយើងខ្លាំង យើងឃើញថាការចុះទុនវិនិយោគឧស្សាហកម្មកែច្នៃច្រើន ជាពិសេសចាប់អារម្មណ៍លើផលិតផលកសិកម្មយើងផងជាពិសេសវិស័យកាត់ដេរ គ្រឿងអគ្គិសនី គ្រឿងបង្គុំ រថយន្ត យើងគិតថាវាជារឿងល្អ។

យោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ជេត្រូ(Jetro) បានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង ៦៣៣លានដុល្លារ កើនឡើងជិត ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញពីកម្ពុជាមានតម្លៃជាង ៤៨០លានដុល្លារ និងការនាំចូល ពីជប៉ុនមានចំនួនជាង ១៤៣លាន ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here