ដំណឹងល្អៈរដ្ឋាភិបាលប្រកាសពង្រីកវិសាលភាពក្រុងភ្នំពេញបន្ត ដើម្បីក្លាយជាប៉ូលសេវាកម្មសម្រាប់ប្រជាជន៦លាននាក់

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងពង្រីកវិសាលភាពក្រុងភ្នំពេញបន្តទៀត តាមរយៈការដាក់ឲ្យប្រើប្រាស់ប្លង់គោលរាជធានីភ្នំពេញនៅឆ្នាំ២០៣៥ខាងមុខ។

យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនបន្ត ក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន៦លាននាក់ ក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ក្នុងរយៈពេលត្រឹម ១៤ឆ្នាំទៀត។

រាជធានីភ្នំពេញ មានទីតាំង ស្ថិតនៅប្រសព្វនៅទន្លេធំ៣ ជាប់ដៃទន្លេ៤ នៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅផ្នែកខាងស្តាំមុខ ព្រះបរមរាជវាំង។ រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ សេដ្ឋកិច្ច និងការទូត។ បច្ចុប្បន្នវិស័យសំណង់ លំនៅដ្ឋានចម្រុះ អាគារពាណិជ្ជកម្ម នៅជុំវិញរាជធានីភ្នំពេញកំពុងពង្រីកខ្លួនយ៉ាងលឿនឥតឈប់ឈរ។

យោងតាមគណៈកម្មាធិការជំរឿនទូទៅ ប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានបង្ហា​ញតួលេខថា ភ្នំពេញមានចំនួន២,១២៩,៣៧១នាក់ និងមានទំហំ៦៩២,៤៦ គីឡូម៉ែត្រក្រឡា។

ភ្នំពេញជារាជធានី និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ បច្ចុប្បន្ន គម្រោង​ពង្រីក​ទីក្រុង និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ​របស់​រដ្ឋបាលសាលា​រាជធានី​ភ្នំពេញ ក៏កំពុងតែ​ដំណើរការយ៉ាងមមាញឹក ដើម្បីឆ្លើយតបនឹងចំនួន​ប្រជាជនក្នុងក្រុង កាន់តែកើនឡើងរៀងរាល់ឆ្នាំ។ រាជធានីភ្នំពេញ ត្រូវបានគេព្យាករណ៍​ថា អាចនឹង​កើនចំនួនប្រជាពលរដ្ឋដល់ ២,៥០ លាននាក់ ​គិត​ត្រឹម​ឆ្នាំ ២០៣៥៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here