ដោយៈសុខុម
ភ្នំពេញ: ទោះបីជាប្រតិបត្ដិការជើងហោះហើរពាណិជ្ជកម្ម នៅតែត្រូវការពេលវេលាយូរទៀត ទម្រាំនឹងងើបឡើងវិញពីវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយ ទទួលបានកំណើនជើងហោះហើរឯកជន ដែលទាមទារឱ្យក្រុមហ៊ុននេះពង្រីកផ្លូវហោះហើរថ្មីៗរបស់ខ្លួនទូទាំងអាស៊ីអាគ្នេយ៍។
ថ្លែងទៅកាន់សារព័ត៌មាន TTG Asia ដែលចុះផ្សាយនៅថ្ងៃទី៨ កក្កដា នេះ លោក Jim Baldy នាយកប្រតិបត្តិក្រុមហ៊ុន Yugo ដែលជាPlatform ភ្ជាប់ជើងហោះហើរទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមដំណើរការផ្លូវហោះហើរថ្មីៗ ក្នុងប្រទេសហ្វីលីពីន ប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។
លោកបានបញ្ជាក់ថា ផ្លូវហោះហើរមួយចំនួនដែលទាក់ទាញជាងគេ រួមមានក្រុងម៉ានីល-កោះឯកជន Banwa ក្នុងប្រទេសហ្វីលីពីន ខេត្តកោះកុង-ក្រុងព្រះសីហនុ ក្នុងប្រទេសកម្ពុជា ក្រុងបាងកក-កោះសាមុយ(Samui) ក្នុងប្រទេសថៃ ក្រុងគូឡាឡាំពួ និង តំបន់ខ្ពង់រាបGenting Highlands-កោះឡាងហ្គាវី (Langkawi) ក្នុងប្រទេសម៉ាឡេស៊ី”។
ជាមួយនឹងផ្លូវហោះហើរបន្ថែមទាំងនេះ បច្ចុប្បន្នក្រុមហ៊ុនYugo ធ្វើប្រតិបត្តិការហោះហើរទៅកាន់ជាង១៥០គោលដៅ ក្នុងតំបន់នេះជាមួយនឹងចំនួនយន្តហោះជាង៥០គ្រឿង ដែលផលិតដោយក្រុមហ៊ុនផលិតយន្តហោះល្បីៗ ដូចជា ក្រុមហ៊ុន Gulfstream ក្រុមហ៊ុន Bombardier ក្រុមហ៊ុន Dassault Falcon ក្រុមហ៊ុន Bell ក្រុមហ៊ុន Airbus ក្រុមហ៊ុន Leonardo និងក្រុមហ៊ុន Robinson ជាដើម។
បច្ចុប្បន្នក្រុមហ៊ុន Yugoកំពុងសហការជាមួយភ្នាក់ងារទេសចរណ៍ សម្រិតសម្រាំងមួយចំនួន ដើម្បីផ្គត់ផ្គង់ជើងហោះហើរពិសេសរបស់ខ្លួន ហើយបើកទ្វារចំហរង់ចាំស្វាគមន៍ក្រុមហ៊ុនណាដែលចង់ចាប់ដៃគូសហការជាមួយខ្លួន។
ខណៈការធ្វើដំណើរតាមយន្តហោះឯកជន ត្រូវបានចាត់ទុកថាជាសេវាផ្ដាច់មុខសម្រាប់តែអ្នកមាន និងជនល្បីល្បាញ ក្រុមហ៊ុនYugo បានផ្ដល់ដំណោះស្រាយដ៏ល្អប្រសើរ ដោយយកតម្លៃធូរថ្លៃ ដើម្បីទទួលបានចំនួនភ្ញៀវច្រើនបន្តិច។ អតិថិជនរបស់ក្រុមហ៊ុនYugo អាចស្វែងរក និងកក់ជើងហោះហើរតាមអនឡាញ ឬពឹងផ្អែកភ្នាក់ងាររបស់ Yugo ជាអ្នករៀបចំឱ្យ។
លោក Jim Baldy បានគូសបញ្ជាក់ថា យន្តហោះ និងអ្នកដំណើរទាំងអស់របស់ខ្លួននៅតែត្រូវអនុវត្តតាមវិធាន និងលក្ខខណ្ឌតម្រូវផ្នែកសុខាភិបាលរបស់ប្រទេសនីមួយៗ៕