វិនិយោគិនអន្តរជាតិមានទំនោរបោះទុនវិនិយោគលើគម្រោងទីក្រុងរណប ឆ្លាតវៃច្រើនជាងមុន ដោយសារ

0

ដោយៈសុខុម

ហូជីមិញ: ខណៈពេលទីផ្សារអចលនទ្រព្យ មិនទាន់ងើបផុតពីវិបត្តិកូវីដ-១៩ អ្នកជំនាញជាច្រើនជឿថា បណ្ដាវិនិយោគិនហាក់មានទំនោរជ្រើសយក ការវិនិយោគរយៈពេលវែង ដើម្បីទទួលបានផលចំណេញរយៈពេលវែង ជាពិសេសគម្រោងអចលនទ្រព្យក្នុងទីក្រុងរណបឆ្លាតវៃ  (Smart Eco-Satellite City) ដែលនៅជុំវិញទីក្រុងធំៗដូចជាក្រុងហូជីមិញ ជាដើម។ នេះបើយោងតាមសារព័ត៌មាន vnexpress ចុះផ្សាយកាលពីថ្ងៃទី៧ កក្កដា។

ទីក្រុងហូជីមិញ ដែលមានប្រជាជនរស់នៅរហូតដល់ជាង១៣លាននាក់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសផ្នែកនគរូបនីយកម្ម។ តម្រូវការលំនៅដ្ឋានកំពុងកើនឡើងឥតឈប់ឈរ ខណៈមូលនិធិដីធ្លីមានកម្រិតបានជំរុញឱ្យតម្លៃ អចលនទ្រព្យហក់ឡើងខ្ពស់កប់ពពក ធ្វើឱ្យពលរដ្ឋជាច្រើនដែលមានតម្រូវការលំនៅដ្ឋាន ពិតប្រាកដគ្មានលទ្ធភាពទិញ។

ទីផ្សារអចលនទ្រព្យនៅក្រុងហូជីមិញ កំពុងតែបង្វែរទុនវិនិយោគជាបណ្ដើរៗទៅកាន់តំបន់ក្រុងរណបនានា ព្រោះនៅទីនោះមានមូលនិធិដីធ្លី ហើយអចលនព្យមានតម្លៃធូរថ្លៃជាង និងអំណោយផលជាង។

បណ្តាខេត្តនៅភាគខាងកើតនៃក្រុងហូជីមិញ ដូចជាខេត្ត Dong Nai ខេត្ត Ba Ria – Vung Tau និងខេត្ត Binh Thuan កាលពីពេលថ្មីៗនេះ បានក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យ។

ចាប់តាំងពីទីផ្លូវហាយវ៉េល្បឿនលឿន Ho Chi Minh City – Long Thanh – Dau Giay Expressway ត្រូវបានដាក់ឱ្យដំណើរការមក គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh International Airport ក៏បានចាប់ផ្ដើម ហើយផ្លូវតភ្ជាប់ជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង ដោយការតភ្ជាប់រវាងក្រុងហូជីមិញ និងបណ្ដាទីក្រុងផ្សេងទៀតមានភាពប្រសើរឡើងច្រើន។

ដូចនេះពេលវេលាធ្វើដំណើរឆ្លងកាត់ រវាងខេត្ត Dong Nai ខេត្ត Ba Ria – Vung Tau និងក្រុងហូជិមិញ ត្រូវបានកាត់បន្ថយបានច្រើន និងសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ព្រមទាំងជីវភាពរស់នៅរបស់ពលរដ្ឋ។

ដោយទាញយកផលចំណេញពីការអភិវឌ្ឍទាំងនេះ ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួន បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ លើគម្រោងធំៗជាបន្តបន្ទាប់។

តួយ៉ាង គម្រោងកាស៊ីណូដ៏ធំ NovaWorld Phan Thiet Project របស់ក្រុមហ៊ុន Novaland Group នៅលើផ្ទៃដី១.០០០ហិកតា និងទំហំវិនិយោគសរុប៥ពាន់លានដុល្លារ កំពុងក្លាយជាមជ្ឈមណ្ឌល នៃការវិនិយោគនៅក្នុងខេត្ត Binh Thuan។

ទន្ទឹមនឹងនេះដែរ នៅភាគខាងកើតនៃក្រុងហូជីមិញ គម្រោងទីក្រុងរណបឆ្លាតវៃ Aqua City ដែលគ្របដណ្ដប់លើផ្ទៃដីជាង១.០០០ហិកតា ក៏កំពុងតែលេចចេញជារូបរាងបណ្ដើរៗហើយដែរ។

ទីក្រុងធំៗផ្សេងៗទៀត ក៏បានព្យាយាមពង្រីកខ្លួន ចូលទៅក្រុងទីក្រុងរណបនានានៅក្នុងតំបន់ជុំវិញខ្លួនផងដែរ ដោយសារចំនួនប្រជាជនកាន់តែច្រើនកកកុញ និងការរឹតបន្តឹងនៅក្នុងការអភិវឌ្ឍឡើងវិញនូវតំបន់ក្រុងដែលមានស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here