ក្រុមហ៊ុនដឹកជញ្ជូនសហរដ្ឋអាមេរិកធំមួយបានឈានជើងចូលទីផ្សារកម្ពុជា

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជូនដែលមានបទពិសោធន៍ជិត១០០ឆ្នាំ របស់សហរដ្ឋអាមេរិក បានសម្រេចឈានជើងចូលទីផ្សារប្រទេសកម្ពុជា ដោយបានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកមួយ ដើម្បីដឹកជញ្ជូនសាច់ប្រាក់ប្រកបដោយសុវត្ថិភាពខ្ពស់។

បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ Secure logistics បានឱ្យដឹងថាក្រុមហ៊ុនBrink’s ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានចាប់ដៃសហការជាមួយខ្លួន ក្នុងការបង្កើតសេវាដឹកជញ្ជូនសាច់ប្រាក់ជូនអតិថិជនកម្ពុជា។ ការសហការនេះក្រុមហ៊ុនវើលដ៏ប្រ៊ីដ Secure logistics បានប្តូរឈ្មោះទៅជាក្រុមហ៊ុន Brink’s និងធ្វើប្រតិបត្តិការក្រោមឡូហ្កូរបស់ក្រុម Brink’s ផងដែរ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី៩កក្កដា២០២១ អ្នកឧក​ញ៉ាសៀ ឬទ្ធីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុបបានឱ្យដឹងថា វាជាមោទនភាពរបស់កម្ពុជា ដែលទទួលបានក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក និងមានបទពិសោ​ធន៍ក្នុងការធ្វើប្រតិបត្តិការជាង១០០ឆ្នាំ ។ តាមរយៈកិច្ចសហការនេះ នឹងធ្វើឱ្យក្រុមហ៊ុនទាំងពីរ ពង្រីកការដឹកជញ្ជូនសាច់ប្រាក់ នៅក្នុងប្រទេសកម្ពុជាកាន់តែមានប្រសិទ្ធភាពជូនអតិថិជន ។

លោកថា “អ្វីដែលយើងទទួលបានពីការវិនិយោគ របស់ក្រុមហ៊ុនមកពីអាមេរិកគឺចំណេះដឹងនិងបទពិសោធន៍ និងត្រូវការរៀនសូត្រពីគេជាបន្តបន្ទាប់”។

អ្នកឧកញ៉ាបន្តថា តាមរយៈក្រុមហ៊ុនមួយនេះ កម្ពុជានឹងទទួលបានការវិនិយោគពីបរទេសជាបន្តបន្ទាប់ទៀត ជាពិសេសក្រុមហ៊ុនមកពីអាមេរិក ដែលអាចធ្វើឱ្យវិនិយោគិនកាន់តែមានទំនុកចិត្តមកលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

លោក Gary Freedman ប្រធានប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន Brink’s បានថ្លែងថា  ប្រទេសកម្ពុជាស័ក្តិសមនឹងយុទ្ធសាស្ត្ររួមរបស់យើង ក្នុងការពង្រីកសេវាកម្មរបស់ Brink’s  ពាសពេញអាស៊ីអាគ្នេយ៍និងតំបន់ អាស៊ីប៉ាស៊ីហ្វិក ។ អ្វីដែលយើងត្រូវធ្វើគឺផ្ដល់សេវាដឹកជញ្ជូនដ៏ល្អ ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ផងដែរថា បរិយាកាសវិនិយោគនៅកម្ពុជា អាចនឹងទាក់ទាញវិនិយោគិនអាមេរិកដទៃទៀតចូលមកកម្ពុជា ហើយក្នុងនាមលោកជាអ្នកសម្របសម្រួល វិនិយោគិនអាមេរិកមកកម្ពុជាលើជឿថា តាមរយៈក្រុមហ៊ុនBrink’s នឹងមានក្រុមហ៊ុនអាមេរិកដទៃទៀតសម្លឹងទីផ្សារកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ដោយសហការជាមួយក្រុមហ៊ុនក្នុងស្រុកទៅតាមជំនាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here