ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីរៀបចំជាប្រព័ន្ធគ្រប់គ្រងវិស័យរដ្ឋបាលឌីជីថល ឲ្យមានប្រសិទ្ធភាព ចែករំលែកបទពិសោធន៍ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា រវាងអ្នកជំនាញការនៃប្រទេសទាំងពីរ។
ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីរៀបចំជាប្រព័ន្ធគ្រប់គ្រងវិស័យរដ្ឋបាលឌីជីថល ឲ្យមានប្រសិទ្ធភាព ចែករំលែកបទពិសោធន៍ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា រវាងអ្នកជំនាញការនៃប្រទេសទាំងពីរ។
លោកឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ថា អនុស្សារណៈយោគយល់គ្នា MOU រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ក្នុងវិស័យរដ្ឋាភិបាលឌីជីថល ជាផ្លែផ្កាមួយថ្មីបន្ថែមទៀតនៃទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រទេសយើងទាំងពីរ ដោយមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល នឹងត្រូវដាក់ឲ្យដំណើរការឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំជាប្រព័ន្ធគ្រប់គ្រងវិស័យរដ្ឋបាលឌីជីថល ឲ្យមានប្រសិទ្ធភាព ចែករំលែកបទពិសោធន៍ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា រវាងអ្នកជំនាញការយើងទាំងពីរ។
លោកបានថ្លែងថា ដោយក្នុងកាលៈទេសៈកូវីត១៩ លោក Jeon Hae-cheol រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េ អមដោយឯកអគ្គរាជទូតកម្ពុជា និងលោកជា វណ្ណដេតអមដោយឯកអគ្គរដ្ឋទូតកូរ៉េ បានចុះហត្ថលេខា MOU ខាងលើនេះតាមប្រព័ន្ធអនឡាញ ប្រកបដោយបរិយាកាសរីករាយ និងមោទនភាពក្រៃលែង។
លោកបានថ្លែងបន្តថា ប្រព័ន្ធរដ្ឋបាលឌីជីថល នឹងផ្ដល់សារៈប្រយោជន៍ក្នុងវិស័យរដ្ឋបាលសាធារណ:ក្នុងការគ្រប់គ្រង ដោះស្រាយការងារ ទំនាក់ទំនង លឿនរហ័សនិងប្រសិទ្ធភាព ព្រមទាំងសុវត្ថិភាពទៀតផង។ បន្ថែមពីនោះ វិស័យឯកជនក៏នឹងទទួលបានផលពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរខាងលើនេះដែរ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ក្នុងយុគ្គសម័យឌីជីថលបច្ចុប្បន្ន និងអនាគត។
លោកឡុង ឌីម៉ង់បានឱ្យដឹងទៀតថា “លោករដ្ឋលេខាធិការសុខ ពុទ្ធិវុធ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានដើរតួនាទីស្នូលយ៉ាងសំខាន់ ដែលបានធ្វើឱ្យសមិទ្ធិផលខាងលើនេះ សម្រេចបានជោគជ័យ ដែលក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជា ខ្ញុំសូមសំដែងនូវការគោរព និងកោតសរសើរដោយស្មោះស្មោះ”។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបានទឹកប្រាក់ប្រមាណ៣៧៧លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ កើនឡើង៦,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)។
ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ប្រទេសកម្ពុជា បាននាំចេញទំនិញមានតម្លៃ១៣៩ លានដុល្លារអាមេរិកទៅកាន់ទីផ្សារកូរ៉េ ធ្លាក់ចុះនៃកំណើន០,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសកម្ពុជា បាននាំចូលផលិតផលពីប្រទេសកូរ៉េ មានតម្លៃ២៣៧លានដុល្លារ កើនឡើង១០ភាគរយ៕