ដោយៈគង់ សិរីម៉ាលីនណា
ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតចាប់ពីខែមករា ត្រឹមខែឧសភា ឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជាសរុបចំនួនប្រមាណ១លានគ្រឿង គិតជាទឹកប្រាក់ចំនួន ប្រមាណជាង២៥៤លានដុល្លារអាម៉េរិក កើនឡើងជាង៣១ភាគរយ បៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២០។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១កន្លងមកថា ការនាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈដែលកម្ពុជាទទួលបានរោងចក្រតម្លើងកង់ជាច្រើន ក្នុងនោះបានប្រើប្រាស់វត្ថុធាតុដើ មជាគ្រឿងបង្គុំ និងបន្លាស់តម្លើងជាផលិតផលសម្រេចដើម្បីនាំចេញ។
លោកឲ្យដឹងទៀតថា “គិតមកទល់ពេលនេះ កម្ពុជាឈានដល់ការផលិតគ្រឿងបន្លាស់ជាបំណែកៗដោយខ្លួនឯងដើម្បីតម្លើង ដោយកាត់បន្ថយការនាំចូល ជាអតិបរិមា”។ លោកបន្តថា “កំណើននៃការផលិត ការបញ្ជាទិញ និងការនាំចេញបានកើនឡើងបន្តិចម្ដងៗ ជាក់ស្តែងបច្ចុប្បន្ននេះ ទីផ្សារនាំចេញរបស់កម្ពុជាកំពុងលេចធ្លោ បើធៀបនឹងផលិតផលផ្សេងៗ”។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយ:ពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជាមានចំនួន៤៥ប្រទេស រួមមាន ហូឡង់ អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក អាម៉េរិក មានទំហំទឹកប្រាក់សរុបចំនួនប្រមាណ២១៥លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗទៀត សរុបប្រមាណជាង២៥៤លានដុល្លារ៕