ក្រុមហ៊ុនតៃវ៉ាន់ Foxconn កំពុងចរចាសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃច្រើនពាន់លានដុល្លារនៅអាមេរិក

0

ដោយៈសុខុម

ក្រុងតៃប៉ិ: ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់ក្រុមហ៊ុនយក្សអាមេរិក Apple Inc បានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី៩ កក្កដា ថា ពេលនេះខ្លួនកំពុងចរចាជាមួយរដ្ឋ Wisconsin ក្នុងសហរដ្ឋអាមេរិក ជុំវិញគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) នៅទីនោះ។

យោងតាមការចុះផ្សាយរបស់សាព័ត៌មាន CNA ឱ្យដឹងថា គម្រោងសាងសង់រោងចក្រតម្លៃច្រើនពាន់លានដុល្លារ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Foxconn ដែលជាក្រុមហ៊ុនចុះកិច្ចសន្យាផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកនេះ គឺដើម្បីបង្កើនប្រភពប្រាក់ចំណូលរបស់ខ្លួន។

ក្រុមហ៊ុន Foxconn និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Fisker Inc អះអា​ងថា ក្រុមហ៊ុនទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ដំណាក់កាលចុងក្រោយហើយសម្រា​ប់ការដំឡើងរថយន្ត។ ក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់ពីទីតាំងទេ ប៉ុន្តែនាយកប្រតិ​បត្តិក្រុមហ៊ុន Fisker Inc បានបង្ហើបថា ទីតាំងរោងចក្ររបស់ក្រុមហ៊ុន Foxconn ប្រហែលជានៅស្ថិតនៅក្នុងរដ្ឋ Wisconsin។

ក្រុមហ៊ុន Foxconnបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានចាប់ផ្តើមចរចាជាមួយរដ្ឋ Wisconsin ហើយ។ សេចក្ដីថ្លែងការណ៍មានខ្លឹមសារថា “ក្រុមហ៊ុន Foxconn បានចូលរួមជាមួយ Wisconsin Economic Development Corporation ដែលជាទីភ្នាក់ងារសម្របសម្រួលរវាងវិស័យរដ្ឋ និងឯកជន ដើម្បីពិភាក្សាអំពីផែនការរបស់ក្រុមហ៊ុន ដែលចង់ផលិតរថយន្តអគ្គិសនី។

ក្រុមហ៊ុន Foxconn មានសុទិដ្ឋិនិយមចំពោះការចាប់ដៃគូ សហការរបស់យើងជាមួយ WEDC ហើយយើងទន្ទឹងរង់ចាំការពិភាក្សាបន្តទៀត”។

ទោះជាយ៉ាងណា ក្រុមហ៊ុនពីរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។ កាលពីខែមេសា ដើមឆ្នាំនេះ ក្រុមហ៊ុន Foxconn បានបង្ហើបពីគម្រោងសាងសង់រោងចក្រមួយនៅក្នុងរដ្ឋ Wisconsin ជាមួយនឹងទំហំវិនិយោគ រហូតដល់ទៅ១០ពាន់លានដុល្លារអាមេរិក គួរឱ្យភ្ញាក់ផ្អើល។

មួយខែមុននេះ ប្រធានក្រុមហ៊ុន Foxconn បានបង្ហើបថា ខ្លួនប្រហែលជាផលិតរថយន្តអគ្គិសនីនៅក្នុងរដ្ឋ Wisconsin ប៉ុន្តែអាចនឹងជ្រើសយកទីតាំងប្រទេសម៉ិកស៊ិក ក៏ថាបាន ហើយនឹងធ្វើការសម្រេចចិត្តឱ្យច្បាស់នៅឆ្នាំនេះ។

ប្រហែលមួយឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Foxconn បានប្រកាសកិច្ចព្រមព្រៀងជាច្រើនរបស់ខ្លួន ជុំវិញការផលិតរថយន្តអគ្គិសនី ជាមួយក្រុមហ៊ុនអាមេរិក Fisker Inc ក្រុមហ៊ុនចិន Byton ក្រុមហ៊ុនចិន Zhejiang Geely Holding Group និងក្រុមហ៊ុនហូឡង់ Fiat Chrysler ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Stellantis NV។

ក្រុមហ៊ុន Foxconn មានមហិច្ឆតាធំចង់ក្ដោបក្ដាប់ ចំណែកទីផ្សារផ្គត់ផ្គង់គ្រឿងបង្គុំ ឬសេវាកម្ម ដល់ការផលិតរថយន្តអគ្គិសនីទូទាំងពិភពលោក ឱ្យបាន១០%នៅត្រឹមឆ្នាំ២០២៥ ទៅឆ្នាំ២០២៧។

អ្នកជំនាញមើលឃើញថា ការបណ្ដោយឱ្យបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា ហក់ចូលប្រឡូក ក្នុងទីផ្សាររថយន្តយ៉ាងឆាប់រហ័សបែបនេះ អាចបង្កការគំរាមកំហែងដល់បណ្ដាក្រុមហ៊ុនផលិតរថយន្តជើងចាស់នៅក្នុងទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here