ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុនវិនិយោគ Iron Capital Plc ដែលមានមូលដ្ឋាននៅកម្ពុជា ទទួលបានមូលនិធិសម្រាប់កញ្ចប់ Series A ចំនួន៥,៧លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសេវាកម្មរថយន្ត តាមបច្ចេកវិទ្យាឌីជីថលដំបូងបង្អស់នៅក្នុងប្រទេសរបស់យើង។
យោងតាមសារព័ត៌មាន Deal Street Asia ចុះផ្សាយកាលពីថ្ងៃទី១២ កក្កដា ឱ្យដឹងថា គម្រោងការណ៍នេះ ទាក់ទាញបានការវិនិយោគពីវិនិយោគិនម្នាក់ ប៉ុន្តែអត្តសញ្ញាណនៃវិនិយោគិនរូបនោះ មិនត្រូវបានទម្លាយឱ្យដឹងជាសាធារណៈឡើយ។
ក្រុមហ៊ុន Iron Capital Plc ដែលបានបោះទុនវិនិយោគ លើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថលមួយ និងសិទ្ធិបើកអាជីវកម្មយានដ្ឋានបន្ត (Garage Franchise) មួយមានបំណងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាយានដ្ឋានផ្ទាល់ខ្លួន និងកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួល នៅក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ខ្លួន។
ក្រុមហ៊ុននេះបានចេញសេចក្ដីថ្លែការណ៍ថា ប្រាក់ចំណេញពីមូលនិធិនេះ នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ពន្លឿនការអភិវឌ្ឍ Mobile App និងប្រព័ន្ធបច្ចេកវិទ្យាយាន ដ្ឋានរបសខ្លួន។ ជំនាន់ ១.០ ឬ Version 1.0 នៃ Mobile App នេះនឹងត្រូវបញ្ចេញនៅក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២១ នេះ។
លោក Richared Seang សហស្ថាបនិកក្រុមហ៊ុន Iron Capital បានលើកឡើងថា ទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នភាគច្រើន ត្រូវបានក្ដោបក្ដាប់ដោយអាជីវកម្មតូចតាចលក្ខណៈគ្រួសារ ខណៈក្រុមហ៊ុនចែកចាយរថយន្តធំៗ មិនអាចចូលទៅដល់អតិថិជនគោលដៅពិតប្រាកដ បើគិតជាមធ្យមភាគ។
លោក Lee Wei Ken នាយកប្រតិបត្តិក្រុមហ៊ុន Iron Capital Plc ថ្លែងថា “យូរណាស់មកហើយ ដែលអ្នកប្រើប្រាស់រថយន្តក្នុងប្រទេសកម្ពុជា តែងតែជួបរឿងមិនល្អដូចជាទិញប៉ះចំគ្រឿងបន្លាស់រថយន្តគុណភាពអន់ និងសេវាកម្មជួសជុលរថយន្តបែបលួចបន្លំដោយសារអ្នកលក់ ឬអ្នកជួសជុលគ្មានទំនួលខុសត្រូវ”។ លោកបន្តថា “គោលបំណងរបស់យើង គឺដើម្បីផ្ដល់ភាពត្រឹមត្រូវសម្រាប់អតិថិជន និងបង្កើតប្រព័ន្ធថ្មីមួយ តាមរយៈមជ្ឈមណ្ឌលជួសជុលរថយន្ត ដែលមានកម្រិតស្ដង់ដារISO ខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត និងសេវាកម្មហិរញ្ញវត្ថុដ៏មានទំនុកចិត្តរបស់យើង ហើយរួមបញ្ចូលវាតែមួយតាមរយៈបច្ចេកវិទ្យា”។
លោកបន្តថា ក្រុមហ៊ុន Iron Capital មានបំណងជួយអតិថិជនសន្សំសំចៃការចំណាយចន្លោះពី១៥% ទៅ២០%តាមរយៈប្រព័ន្ធរបស់ខ្លួន។
ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយលោក Richared Seang និង Alice Sok ដែលជាអ្នកជំនាញជើងចាស់ខាងវិស័យរថយន្ត រួមជាមួយសហគ្រិនមួយរូបទៀតឈ្មោះTommy Sim ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនមូលធនSim Brothers។
អាជីវកម្មដែលក្រុមហ៊ុន Iron Capital ក្ដោបក្ដាប់នៅក្នុងដៃរួមមានក្រុមហ៊ុន A Klasse Auto Co ដែលជា Franchise យានដ្ឋានឯកជនស្ដង់ដារ ISO ដំបូងបង្អស់នៅកម្ពុជា និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថល Advanced Auto Digital Media ដែលផលិតខ្លឹមសារព័ត៌មានអំពីរថយន្តជាដើម៕