ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាមួយផែនការពោរពេញដោយមហិច្ឆតា រដ្ឋាភិបាលគ្រោងជ្រើសរើសយកផ្លូវជាតិសំខាន់ៗចំនួន២ និងទីក្រុងចំនួន១ សម្រាប់ធ្វើជាតំបន់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងបណ្តុំមូលដ្ឋានសេដ្ឋកិច្ច។
យោងតាមប្លង់មេប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ដែលចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ទីក្រុងតាខ្មៅ និងទីតាំងជាយក្រុង នៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ត្រូវបានជ្រើសរើសជាតំបន់សក្ដានុពល សម្រាប់ធ្វើជាបណ្តុំនៃសេដ្ឋកិច្ច រោងចក្រ និងសហគ្រាសផលិតនានា។
-->

ឯកសារដដែលបានបញ្ជាក់ថា ការជ្រើសយកទីតាំងទាំងនោះ ជាកន្លែងធ្វើរោងចក្រ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុង។ ការដាក់បណ្តុំរោងចក្រនានា ឃ្លាតឆ្ងាយពីទីក្រុងនេះ នឹងជួយបង្កើនផាសុខភាពក្រុង កាត់បន្ថយការកកស្ទះចរាចរ និងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនរបស់រថយន្តធំៗ ដោយមិនចាំបាច់ចូលមកក្នុងក្រុងនោះទេ។
គិតមកទល់បច្ចុប្បន្នយើងសង្កេតឃើញថា ទីតាំងនៅអមផ្លូវជាតិលេខ៤ ទទួលបានរោងចក្រជាង៥០ នៅក្នុងចម្ងាញ២០គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញ។

លើសពីនេះ ដោយសារការគម្រោងលើកកម្ពស់គុណភាពផ្លូវ ទីតាំងផ្លូវជាតិលេខ៣ និងលេខ៤ នៅខេត្តកំពង់ស្ពឺ ជិតទាំងក្រុងភ្នំពេញ ក៏កំពុងមានភាពទាក់ទាញផងដែរ។
យោងតាមឯកសារដដែល នៅឆ្នាំ២០៣៥ ព្រំដែនរាជធានីភ្នំពេញ នឹងត្រូវពង្រីកក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ នៅពេលនោះ ទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្តប់លើផ្ទៃដី ខាងជើងស្ទើរទាំងអស់នៃខេត្តកណ្តាល៕