លោកឧកញ៉ាហ៊ួត ជាបង្ហើបពីយុទ្ឋសាស្រ្តឈរជើងក្នុងទីផ្សារគ្រឿងសំណង់ រយៈពេលជាង១០ឆ្នាំ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ឈរជើងយ៉ាងរ៉ឹងមាំ ក្នុងរយៈពេលជាង១០ឆ្នាំក្នុងទីផ្សារគ្រឿងសំណង់ លោកឧកញ៉ាហ៊ួត ជាបានទទួលជោគជ័យ៉ាងខ្លាំងលើអាជីវកម្មរបស់ខ្លូន រហូតអាចលក់ម៉ាកយីហោ(Franchise)បានជាង៧០ និងកំពុងពង្រីកឧត្តមភាពលើទីផ្សារ។

នៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ វិស័យសំណង់ហាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលធ្វើអ្នករកស៊ីក្នុងវិស័យសំណង់ ដូចជា ក្រុមហ៊ុនលក់គ្រឿងសំណង់អ្នកម៉ៅការសំណង់ ក៏ទទួលបានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

លោកឧកញ៉ាហ៊ួត ជាអគ្គនាយកក្រុមហ៊ុនហ៊ួត ជាគ្រុបបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេសនាព្រឹកថ្ងៃទី១៤ កក្កដានេះថា លោកបានបើកអាជីវកម្មលក់គ្រឿងសំ​ណ​ង់ម៉ាកយីហោហ៊ួត ជា ក្នុងអំឡុងឆ្នាំ២០១០ ដែលជាអំឡុងពេលដែលសេដ្ឋកិច្ចកម្ពុជាក៏ដូចជាពិភពលោក ទើបងើបពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នា២០០៨និង២០០៩។ ក្នុងរយៈពេល១១ឆ្នាំមកនេះ ក្រុមហ៊ុនហ៊ួតជាបានពង្រីកអាជីវកម្មរបស់ខ្លួន ជាបន្តបន្ទាប់រហូតឈានដល់ការលក់Franchise ដែលគិតមកដល់ពេលនេះ ក្រុមហ៊ុនលក់បានជាង៥០ទីតាំងរួចហើយ និងបន្តលក់ជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី។

លោកឧកញ៉ាបានបន្តថា “ដោយសារតែខ្ញុំមានគំនិតក្នុងការរកស៊ី និងអភិវឌ្ឍន៍ប្រទេស លោកក៏បានចាប់យកអាជីវកម្ម លក់គ្រឿងសំណង់ធ្វើជាអាជីវកម្មដំបូង ហើយក៏បន្តធ្វើអាជីវកម្មជាបន្តបន្ទាប់”។ លោកឧកញ៉ាបន្តថា “សម្រាប់ក្រុមហ៊ុនសំណង់ហ៊ួតជា ដែលលោកបានអភិវឌ្ឍន៍តាំងពីតូចមកដល់ពេលនេះ គឺជាការតាំងចិត្តខ្ពស់ជាមួយអតិថិជន ដោយបានកំណត់នូវយុទ្ធសាស្ត្រចំនួនបី សម្រាប់អនុវត្តន៍ដែលជាគុណតម្លៃរបស់ក្រុមហ៊ុន”។

យុទ្ឋសាស្រ្តទាំងនោះមានដូចជា ទី១ សុច្ចរឹតភាពគឺភាពស្មោះត្រង់ ទី២ គុណភាពនៃផលិតផលរបស់ក្រុមហ៊ុននិង សេវាកម្មរបស់ក្រុមហ៊ុន និងទី៣ គឺការសហការរកស៊ីយូរអង្វែង។ កត្តាទាំងបីនេះហើយ ដែលធ្វើឱ្យអតិថិជនរបស់ក្រុមហ៊ុន កាន់តែមានទំនុកចិត្តមកលើក្រុមហ៊ុនរបស់យើង និងបានជំរុញឱ្យក្រុមហ៊ុនរីកចម្រើនមកដល់សព្វថ្ងៃនេះ ។

លោកឧកញ៉ាហ៊ួត ជាបានបន្ថែមថា កត្តាមួយទៀតដែលក្រុមហ៊ុន ទទួលបានការទិញFranchise កាន់តែច្រើនពីអតិថិជន និងដៃគូអាជីវកម្មនៅក្នុងប្រទេសកម្ពុជា គឺការផ្ដល់ជូនដល់ដៃគូនូវក្ដីស្រលាញ់របស់ក្រុមហ៊ុន ដោយបានផ្ដល់ជូនភាពស្មោះត្រង់ទៅដៃគូ ដូចជា បង្ហាត់បង្ហាញដល់ដៃគូក្នុងការគ្រប់គ្រងអាជីវកម្ម ។ អ្វីដែលពិសេសនោះគឺក្រុមហ៊ុន ផ្ដល់ជូនដៃគូនូវផលិតដែលមានគុណភាព និងការសហការយ៉ាងស្អិតរមួតរវាងក្រុមហ៊ុននិងដៃគូអាជីវកម្ម។

លោកបញ្ជាក់ថា “ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី តែក្រុមហ៊ុននៅតែទទួលបានការទិញ Franchise ជាបន្តបន្ទាប់រហូតដល់៧៩សាខា តែមិនទាន់បើកទីតាំងទាំងអស់នោះទេ ហើយក្រុមហ៊ុននឹងបើកជូនដៃគូជាបន្តបន្ទាប់”។

យោងតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាបានបង្ហាញថា ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩នេះ កម្ពុជានៅតែទទួលបានគម្រោងសាងសង់ជាបន្តបន្ទាប់ ទាំងសំណង់ថ្នាក់ជាតិនិងសំណង់ថ្នាក់ខេត្ត ជាក់ស្ដែងតាមការដ្ឋានសំណង់ជាច្រើន នៅទូទាំងប្រទេសនៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here