អ្នកជំនាញពីររូបលើកឡើងពីកត្តាជម្រុញឲ្យតម្លៃដីនៅទីតាំងចំនួនបីឡើងថ្លៃ ទោះកម្ពុជាកំពុងជាប់ក្នុងវិបត្តិកូវីដ១៩

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យចំនួនពីររូបបានលើកឡើងនូវហេតុផលសំខាន់ៗមួយចំនួន ដែលតម្លៃដីធ្លីនៅតែកើនឡើង ទោះបីជាកម្ពុជាកំពុងជាប់ផុងក្នុងវិបត្តិកូវីដ១៩ក្តី។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៤ កក្កដាកន្លងមកថា ទីផ្សារដីធ្លីនៅកម្ពុជាភាគច្រើនមានសកម្មភាពទិញលក់ និងតម្លៃមានការថមថយចុះ បើមានការទិញលក់ ក៏ភាគច្រើនស្ថិតក្រោមតម្លៃទីផ្សារ​ដែរ ប៉ុន្តែក្នុងអំឡុងវិបត្តិនេះ លោកសង្កេតឃើញថា ដីនៅតំបន់សំខាន់ៗមួយចំនូននៅតែបន្តឡើងថ្លៃ។

លោកបន្តថា “តំបន់ដែលដីឡើងថ្លៃក្នុងអំឡុងវិបត្តិនេះ គឺស្ថិតនៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងតំបន់ស្ថិតក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល”។លោកបន្តថា “មូលហេតុដែលដីតំបន់ទាំងនោះឡើងថ្លៃ ដោយសារអ្នក​វិនិយោគបានទិញច្រើន និងសកម្មភាពទិញលក់នៅតែបន្ត ព្រោះតំបន់នេះរង់ចាំតែស្ពាន តភ្ជាប់ទៅតំបន់អរិយក្សត្រប៉ុណ្ណោះ”។

លោកសំ សុខនឿនបានបន្តថា ចំនែកមូលហេតុមួយទៀត គឺអ្នកអភិវឌ្ឍន៍បុរីធំៗ បានប្រមូលទិញដីនៅតំបន់នេះរួចហើយ រង់ចាំតែឱកាសមកដល់ ពួកគេចាប់ផ្តើមអភិ​វឌ្ឍ​ន៍បណ្តើរៗហើយ។លោកបន្តថា ចំណែកតំបន់ជុំវិញព្រលានយន្តហោះថ្មី នឹងមានការរីកចម្រើនលឿន នៅពេលព្រលានសាងសង់ចប់ និងបើកឲ្យដំណើរការ ខណៈបច្ចុប្បន្នគំរោងអភិវឌ្ឈន៍នានាបានចាប់ផ្តើមរួចហើយនៅតំបន់នេះ។

ជាមួយគ្នានេះ ស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់សំខាន់ៗចំនួនបីដូចជាតំបន់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងតំបន់ជុំវិញព្រលានយន្តហោះថ្មី តម្លៃដីធ្លីពិតជាបន្តកើនឡើង ទោះបីជាមានវិបត្តិកូវីដ៩ក្តី ប៉ុន្តែសកម្មភាពទិញលក់ដីធ្លីនៅតែមានភាពសកម្ម បន្ទាប់ពីរដ្ឋាភិបាលបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ។

លោកបន្តថា “គោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាលធំៗ បាននិងកំពុងធ្វើឲ្យទីផ្សារដីធ្លីនៅតំបន់ទាំងនោះកម្រើកឡើង ពិសេសការរុញរោងចក្រ សហគ្រាស ចេញពីកណ្តាលក្រុងឆ្ពោះទៅតំបន់ជាយក្រុងនានា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here