ដោយៈគង់ សូរិយា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ពាណិជ្ជកម្មនាំចេញកម្ពុជាបាន និងកំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំនើនសេដ្ឋកិច្ចជាតិ។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសជាច្រើនបានកើនឡើង ទាំងជាមួយប្រទេសចិន សហរដ្ឋអាមេរិក សាធារណៈរដ្ឋកូរ៉េជាដើម ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមិនដាំក្បាលចុះ ព្រោះការនាំចេញបានជួយដល់កំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ។
-->
លោកបន្តថា “ការនាំចេញនៅតែល្អអំឡុងវិបត្តិកូវីដ១៩ ខណៈវិស័យមួយចំនួនបានធ្លាក់ចុះខ្លាំងដូចជា វិស័យទេសចរណ៍ វិស័យសំណង់ និងអចលនទ្រព្យ និងការនាំចេញអង្ករបានធ្លាក់ចុះផងដែរ”។លោកបន្តថា “មូលហេតុនៃការធ្លាក់ចុះ ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបធ្លាក់ចុះ ដោយសារតម្លៃនៃការដឹកជញ្ជូនថ្លៃខ្លាំង”។
លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកន្លងមកថា តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ជាមួយសាធារណៈរដ្ឋកូរ៉េនាពេលខាងមុខ និងងការចុះកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) នឹងធ្វើឲ្យទំហំពាណិជ្ជកម្មកើនឡើងខ្ពស់បន្ថែមទៀត នាពេលអនាគត។

លោកឧកញ៉ាបន្តថា “អ្នកវិនិយោគចិន អាមេរិក អឺរ៉ុបកាន់តែច្រើនថែមទៀត នឹងមកវិនិយោគនៅកម្ពុជា ដើម្បីផលិតនាំចេញទៅកាន់ប្រទេសចិនដោយរួចពន្ឋ និងនាំចេញ ទៅកាន់បណ្តាប្រទេសជាច្រើនទៀត នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន៕