ដោយៈគង់ សូរិយា
កែបៈ ជាខេត្តដ៏តូចច្រឡឹង តែប្រៀបដូចជាកូនក្រមុំមួយដែលលាក់ខ្លួន ខេត្តកែបមានលក្ខណៈពិសេសបំផុត ដោយវាជាខេត្តទី១នៅកម្ពុជា ដែលមានឧទ្យានជាតិកណ្តាលក្រុងតែមួយគត់។
គោលនយោបាយរបស់រដ្ឋាភិបាល
ខេត្តនេះត្រូវបានទទួលស្គាល់ពីគណកម្មការ វាយតម្លៃទីក្រុងស្អាតរបស់អាស៊ាន ដែលបានផ្តល់ពានរង្វាន់ជាខេត្តមាន “ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។
លើសពីនេះរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ក៏បានរៀបផែនការមេ ដើម្បីប្រែក្លាយខេត្តនេះជា “តំបន់វិស្សមកាលកម្រិតខ្ពស់”មួយនៅកម្ពុជា តាមរយៈការមិនឲ្យមានរោងចក្រ សហគ្រាស និងកាស៊ីណូ ដើម្បីប្រែក្លាយខេត្ត ដែលមានតែស្រុកមួយ និងក្រុងចំនួន១នេះ ជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋ។
អភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បានជំរុញ និងលើកទឹកចិត្ត ដល់អាជីវករ វិនិយោគិនលើវិស័យទេសចរណ៍ សណ្ឋាគារ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តកែបឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងរៀបចំឆ្ពោះទៅកាន់ភាពសុខដុម ជាមួយនឹងផែនការអភិវឌ្ឍន៍នាពេលអនាគតកាន់តែច្បាស់លាស់។
លោកបានបន្តថា ដោយមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អ្នកវិនិយោគគិន រួមជាមួយនូវភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។ លោកបន្តថា ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយមកសម្រាកកំសាន្ត នៅខេត្តកែប ទីក្រុងទេសចរណ៍កាន់តែច្រើនថែមទៀត ខេត្តកែបមានសក្តានុពលសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ទាំងធនធានធម្មជាតិ លើគោក ធានធានធម្មជាតិក្នុងសមុទ្រ ឩទ្យាជាតិកែប កោះ ឆ្នេរ សមុទ្រ ស្អាតៗ ជាច្រើនកន្លែង ។
លោកសោម ពិសិដ្ឋបានបន្តថា ថ្នាក់ដឹកនាំខេត្តកែប បានកំណត់ចក្ខុវស័យរួចហើយថា ខេត្តកែប ជាតំបន់ទេសចរណ៍ សម្រាកលម្អែកំសាន្តប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះខេត្តកែប ក៏កំពុងរៀបចំឆ្នេរថ្មីៗ ដើម្បីបំរើដល់ការកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។
មានគ្រឿងសមុទ្រឆ្ងាញ់ជាងគេ
ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរទាំងអស់ ខេត្តកែបជាខេត្តដែលមានគ្រឿងសមុទ្រឆ្ងាញ់ជាងគេទាំងអស់ ដោយអ្នកជំនាញបានពន្យល់ថា ដោយសារខេត្តនេះមានលក្ខណៈអំណោលផលពីធនធានធម្មជាតិ ព្រោះទឹកសមុទ្រខេត្តនេះមានសារ៉ាយសមុទ្រច្រើន និងមានជីវៈចម្រុះសម្បូរបែប។
លោកសោម ពិសិដ្ឋបានឲ្យដឹងផងដែរថា ដើម្បីសម្រេចចក្ខុវិស័យនេះ រដ្ឋបាលខេត្តបាន រៀបចំហេដ្ឋារចនាសម្ពន្ធ ដូចជាពង្រីកប្រព័ន្ធផ្លូវគមនាគមន៍ អោយបានធំទូលាយ រៀបចំអោយមានចំណតរថយន្តត្រឹមត្រូវ រក្សាសុវត្ថិភាព សណ្តប់ធ្នាប់សាធារណៈ បានយ៉ាងល្អ មានប្រព័ន្ធភ្លើងអគ្គីសនី២៤/២៤ម៉ោង ជាពិសេសមានប្រព័ន្ធទឹកស្អាតដែលកំពុងប្រើប្រាស់ទូទាំងខេត្ត។
ហេដ្ឋារចនាសម្ព័ន្ឋពីរកំពុងលើកស្ទួយមុខមាត់ខេត្ត
បច្ចុប្បន្នក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខនេះ ដែលកំពង់ផែនេះ ដើរតួនាទីសម្រាប់សេវាកម្មទេសចរណ៍ លើកដាក់ទំនិញក្នុងស្រុកផង និងសេវាកម្មសំរាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ នៅក្នុងតំបន់ផងដែរ។
ជាមួយគ្នានេះ ខេត្តកែបក៏បាននិងកំពុងសាងសង់ផ្សាររាត្រីជាលើកដំបូងរបស់ខ្លួន ជាប់មាត់សមុទ្រផងដែរ ដើម្បីឲ្យភ្ញៀវទេសចរណ៍បានទៅទស្សនាខេត្តនេះ មានកន្លែងដើរកំសាន្តនាពេលរាត្រី។
លើសពីនេះ អាជ្ញាធរខេត្តបាននិងកំពុងរៀបចំឆ្នេរពីរកន្លែងផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនាពេលខាងមុខនេះ៕