វិស័យអាកាសចរនៅកម្ពុជារំពឹងថានឹងអាចងើបឡើងវិញនាឆ្នាំ២០២៥

0

ដោយៈ ប៊ី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលកម្ពុជាបានលើកឡើងថា វិស័យអាកាសចរណ៍រំពឹងទុកនឹងអាចស្តារ និងងើបឡើងវិញប្រហែលជានៅឆ្នាំ២០២៤ ឬ២០២៥ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នៅមិនទាន់ធូរស្រាលនៅឡើយ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលលោកស៊ិន ចាន់សិរីវុត្ថាបានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដានេះថា គិតចាប់ពីឆ្នាំ២០២០ រហូតមកទល់ពេលបច្ចុប្បន្ននេះ បញ្ហាកូវីដ១៩ បានធ្វើឲ្យវិស័យអាកាសចរណ៍កម្ពុជាមានការធ្លាក់ចុះខ្លាំង។

លោកបានបន្តថា “ការរំពឹងទុកកើនឡើងក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដំបូងមុនមានវ៉ាក់សាំង គិតថាឆ្នាំ២០២២ ឬ២០២៤ នឹងអាចងើបឡើងវិញជាបណ្តើរៗ ប៉ុន្តែបន្ទាប់ពីយើងបានចាក់វ៉ាក់សាំង ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏មិនឃើញថមថយនៃការឆ្លង ដូច្នេះការងើបឡើងវិញនៃវិស័យនេះ នឹងអាចឈានដល់ឆ្នាំ២០២៤ ឬ២០២៥ ទើបអាចងើប និងស្តារឡើងវិញជាបណ្តើរៗ”។

លោកបានថ្លែងដូច្នេះថា “ការធ្លាក់ចុះយើងដឹងស្រាប់ហើយថាការរីករាលដាលឆ្លងនៃជំងឺកូវីដក្នុងសហគមន៍ ក្នុងពិភពលោក ក្នុងតំបន់គឺអត់ទាន់មានស្រាកស្រាន្តនិងធូរស្បើយនៅឡើយទេ យើងឃើញស្រាប់ហើយយើងរំពឹងទុកថាបន្ទាប់ពីមានវ៉ាក់សាំងមក ការរីករាលដាលនឹងអាចធូរស្បើយ ប៉ុន្តែផ្ទុយទៅវិញយើងឃើញអ្នកឆ្លងនៅតែច្រើន ហើយអ្នកស្លាប់ក៏នៅតែច្រើន”។

លោកបានលើកឡើងថា គិតត្រឹមរយៈ៥ខែ ឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្តរជាតិចំនួន ៣របស់កម្ពុជា ទទួលបានអ្នកដំណើរចំនួនជាង១១ម៉ឺន ៥ពាន់នាក់ ស្មើនឹងជាង៤ពាន់ជើង ខណៈការដឹកជញ្ជូនទំនិញមានចំនួនជាង២ម៉ឺន២ពាន់តោន។

ដោយឡែក ប្រៀបធៀបចំនួនជើងយន្តហោះ រវាងឆ្នាំ២០២០ ការហោះហើរធ្លាប់តែមានប្រហែលជិត ៨ពាន់ជើង ប៉ុន្តែនៅឆ្នាំ២០២១នេះ មានប្រមាណតែ ២ពាន់ជើងប៉ុណ្ណោះ ថយចុះប្រមាណ ៦ពាន់ជើង។
បច្ចុប្បន្នក្រុមហ៊ុនដែលកំពុងបើកការហោះហើរនៅកម្ពុជាសរុបមានចំនួន៥ ដូចជាក្រុមហ៊ុន Cambodia Angkor Air (K6), Airlines operating from China, Airlines operating from Taiwan, Airlines operating from Singapore និងក្រុមហ៊ុន Airlines operating from Korea៕

LEAVE A REPLY

Please enter your comment!
Please enter your name here