វាគ្មិនល្បីៗ: កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន-កម្ពុជាកំពុងផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាជនប្រទេសទាំងពីរ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ វាគ្មិនល្បីៗដែលមកពីប្រទេសចិន និងកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជាមានសុខុមាលភាពល្អ និងមានស្ថិរភាពយូរមកហើយ ដែលល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាជនប្រទេសទាំងពីរ។

ការលើកឡើងរបស់វាគ្មិនល្បីៗនេះត្រូវបានឡើង ក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា ដែលត្រូវបានរៀបចំឡើង ដោយសារព័ត៌មាន China Economic Daily និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) កាលពីចុងសប្តាហ៍កន្លងមកនេះ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា “ចិននិងកម្ពុជាគឺជាប្រទេសជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ”។ លោកបន្តថា “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានសុខុមាលភាពល្អ និងមានស្ថិរភាពយូរមកហើយ”។

ចាប់តាំងពីឆ្នាំ២០២០ ជំងឺវីរុសកូវីដ-១៩បានរីករាលដាលទូទាំងពិភពលោក ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជា នៅតែមានកំណើនដដែល។

លោកឯកអគ្គរដ្ឋទូតចិនថ្លែងបន្តថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលទទួលបាននាពេលបច្ចុប្បន្ននេះ គឺដោយសារតែប្រទេសទាំងពីរ មានការជឿទុកចិត្តគ្នាទៅវិញទៅមក មានគំនិតកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក ទទួលបានអត្ថប្រយោជន៍ជោគជ័យរួម និងព្រមទាំងការពង្រីកឥតឈប់ឈរ​ ដោយផ្អែកលើមូលដ្ឋាន នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ជួយបំពេញឱ្យគ្នាទៅវិញទៅមកកម្រិតខ្ពស់។

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍន៍ ភាគីទាំងពីរត្រូវពង្រឹងការផ្ទៀងផ្ទាត់ យុទ្ធសាស្ត្រថែមមួយកម្រិតទៀត ប្រើប្រាស់ឱ្យបានល្អនូវផលប្រយោជន៍គោលនយោបាយ ដើរតួនាទីលក្ខណៈពិសេ​សក្នុងការបំពេញចន្លោះ ឱ្យគ្នាទៅវិញទៅមក អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗ។

លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែង ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិននិងកម្ពុជាកាន់តែស៊ីជម្រៅ ដើម្បីផ្តល់អត្ថប្រយោជន៍ រឹតតែច្រើនសម្រាប់ប្រជាជនប្រទេសទាំងពីរ និងបំពេញតួនាទីសម្រាប់បេ​សកកម្មអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាពនៅក្នុងតំបន់អាស៊ីនិងលើពិភពលោក។

លោក Zheng Qingdong ប្រធាននិងជានិពន្ធនាយកនៃសារព័ត៌មាន China Economic Daily មានប្រសាសន៍ថា កម្ពុជានិងចិនគឺជាប្រទេសជិតខាងដ៏ល្អ ប្រជាជនទាំងពីរមានទំនាក់ទំនងគ្នា យ៉ាងល្អជាប្រវត្តិយូរមកហើយ។ សមិទ្ធផលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន និងកម្ពុជា ទទួលបានយ៉ាងច្រើនអនេកគួរឱ្យកត់សម្គាល់ គម្រោងសំខាន់ៗជាច្រើនត្រូវបានអនុវត្ត។

លោកបានថ្លែងថា ស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តែងបោះជំហានទៅមុខយ៉ាងរលូន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន និងកម្ពុជា ត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២០ នេះបានបង្ហាញឱ្យឃើញពីភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃភាគីទាំងពីរ កិច្ចកសាងសហគមន៍វាសនារួមគ្នា និងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានឈានដល់ដំណាក់កាលថ្មីមួយទៀត។

ជាមួយគ្នានេះ លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថាន AVI បានលើកឡើងថា រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដជាច្រើនដល់កម្ពុជា បានជួយពន្លឿនការអនុវត្ត គោលដៅចាក់វ៉ាក់សាំងការពារវីរុសកូវីដ។

លោកបានថ្លែងបន្តថា “នេះបានបង្ហាញកាន់តែច្បាស់អំពីចំណងមិត្តភាព ដ៏ជ្រាលជ្រៅរវាងកម្ពុជានិងចិនក្នុងពេលដ៏ចាំបាច់”។ លោកបន្តថា “ភាគីទាំងពីរត្រូវយកចិត្តទុកដាក់បន្ថែមទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទាំងពីរប្រទេស និងខិតខំរួមគ្នា ដើម្បីជៀសផុតពីផលប៉ះពាល់ នៃជំងឺវីរុសមួយនេះឱ្យបានឆាប់រហ័ស”។

អ្នកតំណាងប្រទេសទាំងពីរ បានសន្ទនាពិភាក្សាគ្នាតាម Video Conferenceដោយផ្តោតលើប្រធានបទ ការផ្ទៀងផ្ទាត់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងចិន និងកម្ពុជា ឱកាសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងកម្ពុជា និងចក្ខុវិស័យកិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ចឌីជីថលចិននិងកម្ពុជា។

អ្នកតំណាងដែលបានចូលរួមយល់ថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងកម្ពុជាដែលទទួលបាននាពេលបច្ចុប្បន្ននេះ គឺដោយសារតែជំនឿទុកចិត្តគ្នាទៅវិញទៅមក ជាយុទ្ធសាស្រ្តដែលមិនអាចបំបែកបាន គំនិតកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងការទទួលអត្ថប្រយោជន៍ជោគជ័យរួម។ សក្តានុពល នៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជានាពេលអនាគត នឹងកាន់តែធំធេងនិងទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here