ដោយ : គង់ សូរិយា
ភ្នំពេញ : សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា សម្តេចនឹងនាំប្រទេសចេញពីភាពក្រីក្រ ហើយក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
ថ្លែងក្នុងពិធីបិទយុទ្ឋនាការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃទី២៧ កក្កដា នៅចំពោះមុខអ្នកគាំទ្រគណបក្សចំនួន២៥ម៉ឺននាក់សម្តេចតេជោហ៊ុន សែនបានថ្លែងថា នៅដំណាក់កាលចុងក្រោយនេះ កំនើនសេដ្ឋកិច្ចកម្ពុជាមិនបានធ្លាក់ចុះនោះទេ ប៉ុន្តែអត្រាភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់។ យើងនឹងមិនឲ្យមានសង្រ្គាមកើតឡើងជាថ្មីទេ យើងត្រូវការពារសន្តិភាព សន្តិភាពសម្រាប់យើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នាត្រូវការពារសន្តិភាព។
សម្តេចបន្តថា “រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន នឹងបន្តបញ្ចុះតម្លៃអគ្គិសនីថែមទៀត ហើយប្រាក់ចំណេញដែលបានមកពីការបញ្ចុះតម្លៃអគ្គិសនី នឹងក្លាយទៅជាអត្ថប្រយោជន៍សម្រាប់ការដំឡើងប្រាក់ឈ្នួលដល់កម្មករ”។
ជាមួយនឹងទំនុកចិត្តលើជ័យជំនះក្នុងការបោះឆ្នោត សម្តេចបានអំពាវនាវឲ្យរោងចក្រ សហគ្រាសត្រៀមរៀបចំការបើកប្រាក់ខែជូនកម្មករ និយោជិតរៀងរាល់២សប្តាហ៍ម្តង។
តម្លៃអគ្គិសនី និងការដឹកជញ្ជូនខ្ពស់ ព្រមទាំងកង្វះហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមធំជាងគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវបានរដ្ឋាភិបាលបាននិងកំពុងគិតគូរដោះស្រាយហើយ។
ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥បានដាក់ទិសដៅសំខាន់ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ឋ ការរៀបចំតំបន់ឧស្សាហកម្ម ការបណ្តុះបណ្តាលជំនាញ ការបញ្ចុះតម្លៃអគ្គិសនី និងប្រេងឥន្ឋនៈ និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ដើម្បីផ្លាស់ប្តូរទីផ្សារពលកម្មពីអតិពលកម្ម ទៅជាការប្រើប្រាស់កំលាំងពលកម្មជំនាញ។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា គោលនយោបាយដោះស្រាយបញ្ហាតម្លៃអគ្គិសនី ថ្លៃទឹក តម្លៃដឹកជញ្ជូនខ្ពស់នៅតែជាបញ្ហាប្រឈម ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបណ្តើរៗហើយ ប៉ុន្តែលទ្ឋផលជាក់ស្តែងមិនអាចមើលឃើញភ្លាមៗនោះទេ ដោយសារវាត្រូវការពេលវេលាក្នុងការសាងសង់ និងរៀបចំគោលនយោបាយនានា។
លោកបន្តថា “កម្ពុជាកំពុងវិវត្តន៍ទៅមុខជាវិជ្ជមាន ហើយខ្ញុំជឿថាកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមការចង់បានរបស់រដ្ឋាភិបាល”៕