រដ្ឋាភិបាលចិនប្ដេជ្ញាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសក្នុងការពង្រីកអាជីវកម្ម

0

ដោយៈសុខុម

ប៉េកាំង: ស្ថាប័ននិយ័តកម្មវិស័យធនាគារ និងធានារ៉ាប់រងរបស់មហាយក្សចិន បានប្រកាសថា ខ្លួននឹងព្យាយាមបំពេញឱ្យបានតាមការរំពឹងចង់បាន របស់បណ្ដាវិនិយោគិនបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី៣០ កក្កដា។

ស្ថាប័ននេះបានប្ដេជ្ញាថា ខ្លួនប្រឹងប្រែងអនុវត្តគោលនយោបាយនានា ដែលត្រូវបានរៀបចំឡើង ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់បណ្ដាវិនិយោគិនបរទេសពង្រីកវិនិយោគរបស់ខ្លួន ចូលមកក្នុងទីផ្សារប្រទេសចិន ក្រោយពីទីផ្សាររបស់មហាយក្សមួយនេះជួបភាពជ្រួលច្របល់។

បណ្ដាវិនិយោគិននៅក្នុងឆ្នាំ២០២១ នេះបានរងការភិតភ័យយ៉ាងខ្លាំង ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការនិយ័តកម្មជាបន្តបន្ទាប់ ទៅលើក្រុមហ៊ុនជាច្រើនដែលស្ថិតនៅក្នុងវិស័យបច្ចេកវិទ្យា អចលនទ្រព្យ និងវិស័យបង្រៀនគួឯកជន។

គណៈកម្មាធិការនិយ័តកម្មវិស័យធនាគារ និងធានារ៉ាប់រងចិន (China Banking and Insurance Regulatory Commission (CBIRC)) បានប្រកាសថា ខ្លួននឹងអនុវត្តឱ្យបានពេញលេញនូវវិធានការនានា ដែលបានគ្រោងទុក ក្នុងគោលបំណងធ្វើឱ្យប្រាកដថា បណ្ដាវិនិយោគិនបរទេស ទទួលបានការអនុគ្រោះ នៅក្នុងការវិនិយោគមិនចាញ់វិនិយោគិនជនជាតិចិនឡើយ ហើយចំណាត់ការបែបនេះ នឹងកាត់បន្ថយចំនួនវិស័យដែលការវិនិយោគរបស់បរទេសត្រូវបានហាមឃាត់ ឬរឹតបន្តឹង។

នៅក្នុងបញ្ជីឆ្នាំ២០២០ ដែលបញ្ចេញដោយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (National Development and Reform Commission (NDRC)) របស់ប្រទេសចិនបង្ហាញថា ចំនួនវិស័យទាំងនោះ ត្រូវបានកាត់បន្ថយពី១៣១វិស័យ មកនៅត្រឹម១២៣វិស័យនៅឆ្នាំនេះ។

បន្ទាប់ពីទីផ្សារចិន ជួបភាពជ្រួលច្របល់ដោយវិនិយោគិននានា ផ្អើលសម្រុកលក់ចេញភាគហ៊ុនរបស់ចិន នៅសប្ដាហ៍នេះ ប្រទេសចិន បានអន្តរាគមន៍ភ្លាមៗដើម្បីធ្វើឱ្យវិនិយោគិនទាំងនោះមានស្ងប់អារម្មណ៍ទៅវិញ ហើយបានផ្ដាំទៅបណ្ដាអន្តរការីបរទេសថា “កុំឱ្យបកស្រាយឱ្យហួសការពិត” ចំពោះវិធានការនិយ័តកម្មរបស់ខ្លួន ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ។

គណៈកម្មាធិការនិយ័តកម្មវិស័យធនាគារ និងធានារ៉ាប់រងចិន (CBIRC) ក៏បានលើកឡើងដែរថា ខ្លួននឹងលើកកម្ពស់ការសាកល្បង និងការតាក់តែងច្បាប់សម្រាប់ការធានារ៉ាប់រងលើគ្រោះធម្មជាតិ ដើម្បីដាក់បញ្ចូលគ្រោះធម្មជាតិ ជាច្រើនប្រភេទផ្សេងទៀតត្រូវបានដាក់បញ្ចូលទៅក្នុងវិស័យធានារ៉ាប់រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here