ដោយៈគង់ សូរិយា
ភ្នំពេញៈ បើស្តាប់ទៅពិតជាអស់សំណើចមែន ព្រោះក្រុមហ៊ុនធំមួយ Kriseneergy បានធ្វើឲ្យបាត់ប្រេងឆៅ៣០ម៉ឺនបារ៉ែល បន្ទាប់ពីបានបូមរួចហើយ តើវាជាការយកប្រេងរត់ឬយ៉ាងណា?។
មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអះអាងថា ក្រសួងកំពុងជជែកជាមួយក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅមួយកប៉ាល់ ប្រមាណ៣០ម៉ឺនបារ៉ែល ក្រោយក្រុមហ៊ុននេះប្រកាសក្ស័យធន។
លោកជៀប សួរអគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅថ្ងៃទី៣ សីហាកន្លងមកថា បច្ចុប្បន្ន ក្រសួងកំពុងបន្តជជែកជាមួយក្រុមហ៊ុន KrisEnergy ចំពោះបញ្ហាដែលកើតឡើង។
លោកបានបញ្ជាក់ថា “បន្ទាប់ពីក្រុមហ៊ុនមេនៅប្រទេសសឹង្ហបុរី ប្រកាសក្ស័យធន ការអភិវឌ្ឍន៍តំបន់ប្លុក A មកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយចុះសិក្សាស្រាវជ្រាវ ឬស្នើសុំវិនិយោគបន្តនៅឡើយទេ”។
កម្ពុជាប្រកាសបូមប្រេងជាលើកដំបូង នៅក្នុងប្លុក A កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ តាមផែនការ ផលិតកម្មបូមប្រេងឆៅ គឺទទួលបានក្នុងរង្វង់៧៥០០បារ៉ែល ក្នុងមួយថ្ងៃ ប៉ុន្តែផលិតកម្មបូមប្រេង ធ្លាក់ចុះខុសពីការរំពឹងទុកមកត្រឹមតែជា ១០០០បារ៉ែល ក្នុងមួយថ្ងៃ ដែលជាមួយនៃមូលហេតុដែលធ្វើក្រោយក្រុមហ៊ុនក្ស័យធន។
សម្តេចតេជោ ហ៊ុន សែន លើកឡើងកាលពីថ្ងៃទី១ ខែសីហា កន្លងទៅថា “អាជីវកម្មបូមប្រេងដំបូងនៅប្រទេសកម្ពុជាបរាជ័យហើយ”៕