មហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោកក្លាយជាទិសដៅនាំចេញដ៏សំខាន់របស់កម្ពុជា

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទោះបីពិភពលោកកំពុងជួបនឹងវិបត្ដិកូវីដ១៩ ដែលកំពុងអង្រួនដល់កំណើនសេដ្ឋកិច្ចប្រទេសជាច្រើន លើពិភពលោកក៏ដោយ ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោក ដែលរួមសហរដ្ឋអាមេរិក និងមហាយក្សចិន នៅតែមានទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរជាមួយកម្ពុជា។

យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជសរុបរវាងកម្មកម្ពុជា ចិន និងសហរដ្ឋអាមេរិកសម្រេចបានជាង៨០០០លានដុល្លារ ក្នុងរយៈពេល៦ដំបូង ឆ្នាំនេះ ខណៈទំហំពាពិជ្ជកម្មរវាងកម្ពុជា និងមហាអំណាចសេដ្ឋកិច្ចទាំងពីរ លើពិភពនៅតែបន្តមានកំណើនជាលំដាប់ ទោះស្ថិតក្នុងវិបត្តិជំងឺរាតត្បាតសកល។

របាយការណ៍បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសចិន សម្រេចបានជិត៥,០០០លានដុល្លារ កើនឡើង៣១%ក្នុងរយៈពេលខែ៦ ដើមឆ្នាំនេះ។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកសម្រេចបានទំហំទឹកប្រាក់ជាង៣,១៩ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១ កើនឡើង៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកសុខ សុភ័ក្ដ្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញពីកម្ពុជាទៅចិន តែងតែមានកំណើន ជាមធ្យមប្រមាណពី៦-១០% ក្នុងមួយឆ្នាំៗ ព្រោះសេដ្ឋកិច្ច នៃប្រទេសទាំងពីរ បានបំពេញឲ្យគ្នាទៅវិញទៅមកយ៉ាងល្អ។

លោកបានឱ្យដឹងថា ដោយមើលឃើញសក្តានុពល ដ៏ធំផ្នែកពាណិជ្ជកម្ម រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានដាក់ទិសដៅពាណិជ្ជកម្មសរុប ក្នុងឆ្នាំ២០២៣ ធ្វើយ៉ាងណាសម្រេចឲ្យបាន១០,០០០លានដុល្លារអាមេរិក។
លោកសុខ សុភ័ក្របានឱ្យដឹងទៀតថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន និងកម្ពុជា-ចិន មានការកើនឡើងគួរឲ្យកត់សម្គាល់ និងជាទីមោទនភាពបំផុត។ ការរីកចម្រើន នៃសេដ្ឋកិច្ចរបស់ចិន បានដើរតួជាគំនាស់សេដ្ឋកិច្ចតំបន់ និងពិភពលោក។

ជាមួយគ្នានេះដែរ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកធ្លាប់បានឱ្យដឹងថា លំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងអាមេរិក និងកម្ពុជាកំពុងកើនឡើងគួរកត់សម្គាល់ពី១ឆ្នាំ ទៅ១ឆ្នាំ។

លោកបានអះអាងថា ក្រុមហ៊ុនអាមេរិកកាន់តែច្រើន កំពុងចូលមកកម្ពុជារៀងរាល់ឆ្នាំ ដែលនាំយកមកនូវអ្វីដែលលោកបានឱ្យដឹងថា ជាការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ ស្ដង់ដាការងារ និងបរិស្ថានខ្ពស់ និងកម្មវិធីទទួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុនដ៏រឹងមាំ ដែលផ្សារភ្ជាប់ជាមួយសហគមន៍ក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា ក្រុមហ៊ុនអាមេរិក និងយីហោល្បីៗជារួមបានទទួលជោគជ័យ និងកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដែលចាប់ពីរថយន្ត Ford ក្រុមហ៊ុន Facebook ហាងកាហ្វេ Starbucks និងហាងនំភីហ្សារបស់ក្រុមហ៊ុន Papa John ជាដើម។

លោក Murphy លើកឡើងថា “យើងសង្កេតឃើញថា ប្រជាជនកម្ពុជាស្វែងរកផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ និងមានតម្រូវការច្រើន”។លោកបន្តថា “ អ្នកនឹងមើលឃើញយីហោហាងទាំងនេះ នៅកម្ពុជាកាន់តែច្រើន នៅអាស៊ីអាគ្នេយ៍សព្វថ្ងៃនេះ ដូចជានៅទីក្រុងបាងកក ប្រទេសសិង្ហបុរី និងទីក្រុងហូជីមិញ”។

លោកបានថ្លែងបន្តថា “នៅពេលនេះ ដល់ពេលវេលាដែលត្រូវមើលឃើញយីហោទាំងនេះ នៅទីក្រុងភ្នំពេញផងដែរហើយ។ ខ្ញុំមានទំនុកចិត្តថា ពិព័រណ៍នេះនឹងបង្កើនការយល់ដឹងអំពីឱកាសពាណិជ្ជកម្មដ៏អស្ចារ្យ និងការបង្កើតទំនាក់ទំនង ដែលផ្ដល់លទ្ធផលសម្រាប់ប្រទេសទាំង២”៕

LEAVE A REPLY

Please enter your comment!
Please enter your name here