រាជធានីភ្នំពេញមានអាគារអាផាតមិនចំនួន៥៤គម្រោងខណៈអត្រាស្នាក់នៅនិងតម្លៃជួលធ្លាក់ចុះ

0

ដោយៈ ប៊ី

ភ្នំពេញៈ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញមានអាគារអាផាតមិនកម្រិត A និង B សរុបចំនួន៥៤គម្រោងស្មើនឹងបន្ទប់ស្នាក់នៅសរុប៣២០០យូនីត។

ជាមួយគា្ននេះដែរ របាយការណ៍ CBRE Cambodia បង្ហាញកាលពីថ្មីៗនេះថា ការបន្តអូសបន្លាយពេលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានធ្វើឱ្យអត្រាស្នាក់នៅ និងតម្លៃជួលរបស់អាផាតមិននៅក្នុងរាជធានីភ្នំពេញធ្លាក់ចុះជាបន្តបន្ទាប់។

ក្នុងនោះ ខណ្ឌបឹងកេងកងមានប្រមាណ៤៨ភាគរយ ខណ្ឌចំការមន២៧ភាគរយ ខណ្ឌដូនពេញ១៧ភាគរយ ខណ្ឌជ្រោយចង្វារ៥ភាគរយ និងខណ្ឌទួលគោក៣ភាគរយ។ សម្រាប់ឆមាសទី១ មិនមានគម្រោងអាផាតមិនណាមួយបានបញ្ចប់ការសាងសង់ទេ។

របាយការណ៍ឱ្យដឹងទៀតថា នៅក្នុងអំឡុងពេលខាងលើ អាផាតមិនកម្រិតA មានតម្លៃជួលជាមធ្យម២១,៦ ដុល្លារក្នុង១ ម៉ែត្រការេសម្រាប់រយៈពេល ១ ខែ ថយចុះ ៥,២ ភាគរយពីចំនួន ២២,៧ ដុល្លារ កាលពីឆមាសទី ២ ឆ្នាំ២០២០ និងកម្រិត B មានតម្លៃ ១៥ ដុល្លារ ថយចុះ ៦,៧ ភាគរយពីចំនួន ១៦ ដុល្លារ។

ជាមួយគ្នានេះដោយសារតែទីផ្សារអាផាតមិនពឹងផ្អែកលើជនបរទេស ហេតុនេះការរឹតត្បឹតការធ្វើដំណើរឆ្លងប្រទេសបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារមួយនេះ ដោយអត្រាស្នាក់នៅជារួមសម្រាប់អាផាតមិនកម្រិតA និងB ក្នុងឆមាសទី១ មានប្រមាណ៥០ ភាគរយធ្លាក់ចុះពីប្រមាណ ៦០ ភាគរយ កាលពីចុងឆ្នាំ ២០២០។

ទោះយ៉ាងណា តាមការព្យាកររបស់ ក្រុមហ៊ុន CBRE Cambodia នៅឆមាសទី ២ ឆ្នាំ ២០២១ នឹងមានគម្រោងអគារអាផាតមិន ៣ ទីតាំងបញ្ចប់ការសាងសង់ដែលមានបន្ទប់សរុប៣៩៥យូនីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here