ដោយៈ ម៉ាណេត
ភ្នំពេញៈ រាជធានីរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតឃុំសង្កាត់ថ្មី នៅពេលបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលក្រុងស្រុកនៅទីស្តីការក្រសួងមហាផ្ទៃ នៅចុងសប្តាហ៍កន្លងទៅថា ”យើងនឹងបង្កើតឃុំសង្កាត់ថ្មីមួយចំនួនទៀត នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២ ខាងមុខនេះ”។
សម្តេចក្រឡាហោម បង្ហើបថា អគារប៉ស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលក្រសួងមហាផ្ទៃ សាងសង់សម្រាប់ប៉ូលិសធ្វើការនៅតាមឃុំ សង្កាត់ គឺនៅតែសល់តែ៨០ឃុំសង្កាត់ទៀតទេ ក្នុងចំណោម១៦៦៤ឃុំសង្កាត់ នៅទូទាំងប្រទេស។
សម្តេចក្រឡាហោមបានបន្តថា ចំណែកសាលាឃុំសង្កាត់ គឺនៅសល់ប្រហែលជា៥០% មិនទាន់មានសាលាឃុំសង្កាត់ថ្មីតាមស្តង់ដារ ដែលក្រសួងមហាផ្ទៃ សាងសង់ឲ្យ។
ប៉ុន្តែមិនទាន់ដឹងថា តើមានឃុំសង្កាត់ប៉ុន្មាន ដែលរាជរដ្ឋាភិបាល នឹងត្រូវបង្កើតថ្មីនោះទេ។
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លើកដំបូង នៅឆ្នាំ២០០២ នៅទូទាំងប្រទេស មានឃុំសង្កាត់ចំនួន១៦២១ឃុំសង្កាត់។ មកដល់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី២ នៅឆ្នាំ២០០៧ កម្ពុជា នៅរក្សាចំនួនឃុំសង្កាត់ ត្រឹម ១៦២១ឃុំសង្កាត់ដដែល។
រហូតដល់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ នៅឆ្នាំ២០១២ ឃុំសង្កាត់ កើនឡើងដល់១៦៣៣ឃុំសង្កាត់ ហើយនៅក្នុងការបោះឃុំ សង្កាត់ អាណត្តិទី៤ នៅឆ្នាំ២០១៧ កម្ពុជា មានឃុំសង្កាត់ចំនួន១៦៤៦ឃុំសង្កាត់៕