ប្រធានគ្រប់គ្រងWorld Bankថ្មីប្រចាំនៅកម្ពុជាប្តេជ្ញាធ្វើការជាមួយកម្ពុជាដើម្បីស្តារ សេដ្ឋកិច្ចឡើងវិញ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារពិភពលោកបានតែងតាំងលោកស្រី Maryam Salim ជាប្រធានគ្រប់គ្រងថ្មីប្រចាំនៅប្រទេសកម្ពុជា ស្នងតំណែងពីលោកស្រីInguna Dobraja ដែលបានផ្លាស់ទៅធ្វើការថ្មីនៅប្រទេសម៉ុលដូវ៉ា ក្រោយពីបានបំពេញបេសសកម្មអស់ រយៈពេលប្រាំឆ្នាំជាប្រធានគ្រប់គ្រងការិយាល័យ នៃធនាគារពិភពលោកនៅក្នុងរាជធានីភ្នំពេញ។

លោកស្រី សាលីម មើលការខុសត្រូវរួមពីលើកិច្ចការប្រចាំថ្ងៃ របស់ធនាគារពិភពលោកជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានកញ្ចប់គម្រោងនានាគិតជាតម្លៃទឹកប្រាក់សរុបប្រមាណ១,១ពាន់លានដុល្លារអាមេរិក (US$1.1 billion) ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។ គម្រោងទាំងនោះត្រូវបានរៀបចំ តម្រូវតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា អមដោយគោលដៅពីររបស់ធនាគារពិភពលោក គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។

ក្របខណ្ឌភាពជាដៃគូរបស់ធនាគាពិភពលោក សម្រាប់ប្រទេសកម្ពុជាសម្រាប់ដំណាក់កាលឆ្នាំ ២០១៩-២០២៣ ផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាពរបស់វិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន លើការវិនិយោគលើធនធានមនុស្ស តាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាអប់រំ និងសេវាសុខាភិបាលមានគុណភាពសម្រាប់ក្មេងតូច លើការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្មលើការលើកកម្ពស់ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ។

លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មីរបស់ធនាគាពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា “ខ្ញុំមាន សោមនស្សក្រៃលែង ដែលបានមកកាន់តំណែងថ្មីនេះ ហើយខ្ញុំកាន់តែរីករាយណាស់ដែរ ដែលបានត្រឡប់មកកម្ពុជាវិញនៅ១៧ឆ្នាំក្រោយគិតចាប់ពីពេល ដែលខ្ញុំបានបញ្ចប់ការងារនៅកម្ពុជា ក្នុងនាមជាប្រធានក្រុមនៃគម្រោងពាក់ព័ន្ធមូលនិធិសង្គមសម្រាប់ពង្រឹងសហគមន៍ និងប្រយុទ្ធនឹងភាពក្រីក្រ”។

លោកស្រីបន្ថែមទៀតថា ខ្ញុំត្រៀមខ្លួនជាស្រេចនឹងធ្វើការ ជាមួយសហសេវិកកម្ពុជារបស់ខ្ញុំ ដើម្បីជួយប្រទេសកម្ពុជា គ្រប់គ្រងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩ រៀបចំមូលដ្ឋានសម្រាប់ការស្តារសេដ្ឋកិច្ច ឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និងកសាងភាពធន់សម្រាប់ទប់ទល់ជាមួយហេតុការណ៍ អង្រួនកន្ត្រាក់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។

លោកស្រី Maryam Salimមានបទពិសោធន៍ការងារជាង២០ឆ្នាំ ក្នុងធនាគារពិភពលោក ក្នុងនោះកាលពីពេលថ្មីនេះ លោកស្រីធ្លាប់កាន់តំណែង ជាប្រធានគ្រប់គ្រងប្រចាំប្រទេសអាល់បានីផងដែរ។ កាលនៅកម្ពុជាពេលមុន លោកស្រីជាអ្នកឯកទេសផ្នែកអភិវឌ្ឍសង្គម និងធនធានមនុស្ស មុននឹងលោកស្រីបន្តទៅបំពេញមុខងារ ក្នុងតំណែងជាន់ខ្ពស់ផ្សេងៗ នៅក្នុងផ្នែករៀបចំគោលនយោបាយប្រតិបត្តិការ របស់ធនាគារពិភពលោក នៅស្នាក់ការកណ្តាលក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោកស្រីមានដើម កំណើតនៅប្រទេសតង់ហ្សានី មានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ពីសកលវិទ្យាល័យ Johns Hopkins, និងជាបណ្ឌិតច្បាប់ចេញពីសកលវិទ្យាល័យ Georgetown៕

LEAVE A REPLY

Please enter your comment!
Please enter your name here