ក្រុមហ៊ុនវាំងននធំគេរបស់តៃវ៉ាន់ប្រកាសថាផលិតកម្មនៅកម្ពុជានៅតែដំណើរការធម្មតាទោះសិ្ថតក្នុងវិបត្តិ

0
ក្រុមហ៊ុនវាំងននធំគេរបស់តៃវ៉ាន់ប្រកាសថាផលិតកម្មនៅកម្ពុជានៅតែដំណើរការធម្មតាទោះសិ្ថតក្នុងវិបត្តិ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Nien Made Enterprise Co Ltd ដែលជាក្រុមហ៊ុនផលិត និងលក់វាំងននឈានមុខគេមានមូលដ្ឋានតៃវ៉ាន់ បានឱ្យដឹងថា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ ប្រតិបត្តិការនៅរោងចក្ររបស់ខ្លួននៅកម្ពុជានៅតែមានដំណើរការធម្មតា។

ក្រុមហ៊ុនបានឱ្យដឹងថា រយៈពេលពីខែមេសា ដល់ខែមិថុនាគឺជារយៈពេលមានការប្រកួតប្រជែង ដោយសារតែផលប៉ះពាល់នៃការឡើងថ្លៃវត្ថុធាតុដើម ថ្លៃដឹកជញ្ជូនខ្ពស់ជាងមុន និងអត្រាប្តូរប្រាក់បរទេសមិនអំណោយផល។ ទោះបីជាយ៉ាងបញ្ហាប្រឈមមួយចំនួនក្តី ក្រុមហ៊ុនបានឱ្យថា ប្រតិបត្តិការនៅរោងចក្ររបស់ខ្លួននៅកម្ពុជានៅតែមានដំណើរការធម្មតា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅកម្ពុជា ដែលការជួលបុគ្គលិកមានយឺតយ៉ាវ និងមានផលប៉ះពាល់ដល់ការដឹកជញ្ជូនផលិតផលវាំងននរបស់ខ្លួន។

ក្រុមហ៊ុន Nien Made Enterprise Co Ltd ដែលផលិតវាំងនន និងរនាំងបង្អួចបានបោះទីតាំងផលិតរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។

រោងចក្រផលិតវាំងនន កាលពីឆ្នាំចុងឆ្នាំ២០១៩ បានប្រកាសពីគម្រោងមកពង្រីករោងចក្រនៅក្នុងប្រទេសកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ Taipei Times។

មន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Nien Made Enterprise បានប្រាប់កាសែត Taipei Times ថា ការពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍គឺដើម្បីកាត់បន្ថយផលប៉ះពាល់ការបង់ពន្ធខ្ពស់ទៅអាមេរិក។

មន្ត្រីរូបនោះបានឲ្យដឹងទៀតថា ក្រុមហ៊ុននឹងបង្វែរការបញ្ជាទិញផលិតផលសម្រេចពីប្រទេសចិនទៅប្រទេសកម្ពុជាវិញ ដើម្បីចៀសវាងហានិភ័យការយកពន្ធពីអាមេរិក។

លោកបានឱ្យដឹងថា ជម្លោះពាណិជ្ជកម្មអាមេរិក និងចិនបានបង្ខំឲ្យយើងពង្រីកការផលិតនៅតំបន់អាស៊ីអាគ្នេយ៍។ លោកបន្តថា ក្រុមហ៊ុននេះបានបង្កើនការផលិតរបស់ខ្លួននៅប្រទេសកម្ពុជា គឺដើម្បីបំពេញកង្វះកម្លាំងពលកម្មនៅប្រទេសចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here