ដោយៈ សុខុម
បាងកក: យោងតាមអាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) ឱ្យដឹងថា ក្រុមវិនិយោគិនដែលមានសក្ដានុពលត្រូវបានអញ្ជើញឱ្យចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី៣ នៃកំពង់ផែទឹកជ្រៅ Map Ta Phut Port នៅខេត្តរ៉ាក់យ៉ង (Rayong)។
យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី១០ សីហា នេះឱ្យដឹងថា អាជ្ញាធរដដែលគ្រោងប្រកាសអំពីលក្ខខណ្ឌនៃគម្រោងនេះទៅដល់ក្រុមអ្នកដេញថ្លៃ ដែលមានចំណាប់អារម្មណ៍នៅចុងឆ្នាំនេះ។
កំពង់ផែថ្មីនេះគឺសម្រាប់នាវាចូលចតដើម្បីលើកឡើង និងដាក់ចុះនូវទំនិញផលិតផលរាវរួមមានទាំងគីមីឥន្ធនៈ (petrochemical) ផងដែរ។ កំពង់ផែនេះនឹងសមត្ថភាពទទួលទំនិញបាន៤លានតោនក្នុងមួយឆ្នាំៗដែលគិតជាទំហំទឹកប្រាក់ប្រមាណ៤,៣ពាន់លានបាត (១២៨,៥លានដុល្លារអាមេរិក)។
លោក Veeris Ammarapala អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) រំពឹងថានឹងអាចចុះកិច្ចព្រមព្រៀងជាមួយវិនិយោគណាម្នាក់នៅខែតុលា ឆ្នាំ២០២២។ ដំណើរការសាងសង់កំពង់ផែនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៤ ហើយការដំណើរការគ្រោងចាប់ផ្ដើមនៅឆ្នាំ២០២៦។
បន្ទាប់ពីអាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) កាលពីពេលថ្មីៗនេះបានរៀបចំសិក្ខាសាលាតាមបណ្ដាញអ៊ីនធឺណិតមួយដើម្បីស្ទង់មតិបណ្ដាវិនិយោគិនអំពីគម្រោងអភិវឌ្ឍន៍បែបនេះ លោក Veeris Ammarapala បានថ្លែងថា “ក្រុមវិនិយោគិនដែលមានសក្ដានុពលមានចំណាប់អារម្មណ៍លើការអភិវឌ្ឍដំណាក់កាលទី៣ នៃកំពង់ផែទឹកជ្រៅ Map Ta Phut Port នៅខេត្តរ៉ាក់យ៉ង”។
ខេត្តរ៉ាក់យ៉ង រួមជាមួយខេត្តឈុនប៊ូរី (Chon Buri) និងខេត្តឆាក់ឆឺនសៅ (Chachoengsao) ស្ថិតក្រោមគម្រោងច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា (Eastern Economic Corridor) របស់រដ្ឋាភិបាលថៃ ដែលមានបំណងសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មបំពាក់បច្ចេកបំពាក់វិទ្យាខ្ពស់កម្រិតថ្មីនៅក្នុងប្រទេសថៃ។
ការអភិវឌ្ឍដំណាក់កាលទី៣ នៃកំពង់ផែទឹកជ្រៅ Map Ta Phut Port មានទំហំវិនិយោគសរុប៥៥ពាន់លានបាត (១,៦៤ពាន់លានដុល្លារអាមេរិក)៕