ដោយៈតារា
ភ្នំពេញៈ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាបានលើកឡើងដោយសុទិដ្ឋិនិយមថា នៅពេលសេចក្តីព្រាងច្បាប់ស្តីពី វិនិយោគថ្មីចូលជាធរមាន នឹងជួយទាក់ទាញនិងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគបន្ថែម ព្រោះច្បាប់នេះមានភាពបត់បែន ស្របនឹងបរិបទថ្មី នៃការវិវឌ្ឍន៍លើផ្នែកបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មជាអន្តរជាតិ។
លោកជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានដឹកនាំប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១ នេះ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។
តាមរយៈកិច្ចពិភាក្សាគ្នាយ៉ាងផុលផុសនេះ គណៈកម្មការរដ្ឋសភា សង្ឃឹមយ៉ាងមុតមាំថា នៅពេលចូលជាធរមាន សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា នេះពិតជានឹងជួយទាក់ទាញការវិនិយោគ បន្ថែមមកកាន់កម្ពុជា។
ជាមួយគ្នានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការតាក់តែងឡើងថ្មីនេះឡើងរបស់រាជរដ្ឋាភិបាល គឺឱ្យមានភាពទាក់ទាញ និងប្រសើរជាងច្បាប់វិនិយោគចាស់ ដោយឈរលើមូលដ្ឋានឯករាជ្យម្ចាស់ការ ស្ថានភាពជាក់ស្តែងរបស់វិនិយោគិន និងសេដ្ឋកិច្ចកម្ពុជា ដោយមានភាពបើកចំហ មានតម្លាភាព ជាពិសេសរសេចក្តីព្រាងច្បាប់ថ្មីនេះ បានផ្តល់ការលើកទឹកចិត្តចំទិសដៅ នឹងជំរុញដល់ការអភិវឌ្ឍក្នុងវិស័យ និងសកម្មភាពវិនិយោគ ហើយច្បាប់វិនិយោគថ្មីនេះ គឺជាចលករយ៉ាងសំខាន់ក្នុងទាក់ទាញ នឹងការផ្តល់ក្តីទំនុកចិត្តដល់វិនិយោគិន។
កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធអនឡាញ (Zoom) តាមកិច្ចប្រជុំនោះ សម្តេចបានលើកឡើងថា សំណើច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិន ងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា ក្នុងនោះអ្នកវិនិយោគពិតជាត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជា ជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិ ប្រឈមក្នុងវិស័យនយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយ៕