ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញជាតិ និងអន្តរជាតិក្នុងវិស័យអចលនទ្រព្យកម្ពុជា បានលើកឡើងថា វិស័យអចលនទ្រព្យ ពិសេសការទិញលក់ នឹងមានភាពប្រសើរឡើងក្នុងឆមាសទី២ ឆ្នាំ២០២១នេះ ធៀបនឹងឆមាសទី១ឆ្នាំនេះ ដោយសារការពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនឹងបង្កើនភាពសុំាសេដ្ឋកិច្ច និងកាត់បន្ថយហានិភ័យឆ្លង។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល (GRA) បានថ្លែងប្រាប់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះថា និយាយជារួម ប្រទេសកម្ពុជាគឺប្រទេសមួយ ដែលអាចគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ ហើយលោកជឿជាក់ថា មិនយូរមិនឆាប់ទេ ប្រទេសយើងនឹងអាចគ្រប់គ្រងជំងឺមួយនេះ ហើយប្រជាជននឹងអាចចេញប្រកបអាជីវកម្មបានឡើងវិញធម្មតា។
លោកបានឱ្យដឹងទៀតថា “ក្នុងឆមាសទី២ ឆ្នាំ២០២១នេះ ដំណើរការនៃការទិញលក់អចលនទ្រព្យនឹងមានល្អប្រសើរជាង ឆមាសទី១កន្លងទៅ ក្រោមហេតុផលថា មានសញ្ញាវិជ្ជមាន ដែលរដ្ឋាភិបាលបានជំរុញការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងល្បឿនមួយដ៏លឿន ធៀបនឹងប្រទេសដទៃ ដូច្នេះប្រទេសយើងនឹងមានហានិភ័យតិច ក្នុងការឆ្លងរីករាលដាល”។
ក្នុងឆមាសទី២នេះ នឹងមានការបើកសេដ្ឋកិច្ចឡើងវិញបណ្តើរៗ ដែលជំរុញឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យងើបឡើងវិញប្រសើរផងដែរ ព្រោះការពន្លឿនការចាក់វ៉ាក់សាំងជូនពលរដ្ឋនេះ មិនត្រឹមជំរុញឱ្យមានភាពសុំាសេដ្ឋកិច្ចក្នុងស្រុកទេ តែវានឹងថែមទាំងផ្តល់ទំនុកចិត្តខ្លាំង និងទាក់ទាញវិនិយោគិនបរទេសបន្ថែមមកកាន់កម្ពុជាផងដែរ។
លោកបានថ្លែងបន្តថា “ទាក់ទងនឹងការផ្តល់ទំនុកចិត្តនេះ គឺប្រទេសនឹងមានហានិភ័យទាបនៃការឆ្លងពីជំងឺរាតត្បាតសកល ក្នុងការមកបណ្តាក់ទុននៅកម្ពុជា ហើយខ្ញុំគិតថា បន្ទាប់ពីឆមាស២នេះ នៅដើមឆ្នាំ២០២២ អ្វីៗនឹងមានភាពប្រសើរឡើងវិញ ដោយសារប្រទេសយើងនឹងអាចគ្រប់គ្រងជំងឺកូវីដ១៩ បានលឿនជាងបណ្តាប្រទេសក្នុងតំបន់”។
លោក James Hodge អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់ផងដែរថា នៅឆ្នាំ២០២២នៅតែមានហានិភ័យមួយចំនួន ដែលយើងត្រូវប្រឈម ដូចការផ្គត់ផ្គង់លើតម្រូវការ ក្នុងវិស័យការិយាល័យ ទីផ្សារលក់រាយ និងខុនដូផងដែរ។
លោកបានឱ្យដឹងទៀតថា ប៉ុន្តែយើងរំពឹងទុកថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញ ប៉ុន្តែក្នុងល្បឿនមួយយឺតៗ ហើយការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពិតជាជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅឆ្នាំក្រោយ។
លោកបានថ្លែងបន្តថា “ទោះបីជួបឧបសគ្គមួយចំនួននៅក្នុង២០២១ ដែលបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដោយក៏វិស័យអចលនទ្រព្យនៅកម្ពុជានាឆ្នាំក្រោយ នឹងអាចងើបឡើងវិញ ដោយសារការដាក់ចេញការយុទ្ធនាការដាក់ជូនពលរដ្ឋ និងព្រមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅជុំវិញពិភពលោក”។
លោកJames Hodgeបានឱ្យដឹងទៀតថា “ក្នុងឆ្នាំ២០២២ គ្រប់យ៉ាងនឹងមានភាពប្រសើរឡើងវិញ ប៉ុន្តែយើងមិនទាន់អាចនិយាយថា បានផុតរួចផុតពីវិបត្តិកូវីដ១៩នៅឡើយ ដោយសារជំងឺនេះមានការបម្លែងខ្លួនថ្មីៗ ដែលយើងពិបាកនឹងរំពឹងទុក ហើយវាក៏នឹងអាចមានវិធានការថ្មីៗ ដែលនឹងត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ជំងឺក៏កាចសាហាវនេះ”៕