អ្នកជំនាញប្រាប់វិនិយោគិនដីធ្លីគួរផ្តោតលើស្រុកបីនៃខេត្តកណ្ដាលដែលកំពុង មានសក្ដានុពល

0

ដោយៈវឌ្ឈនៈ      

ភ្នំពេញៈ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានមើលឃើញថា ស្រុកចំនួនបីនៃខេត្តកណ្ដាល នឹងមានសក្ដានុពលទៅលើតម្លៃដីធ្លី នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត គឺស្រុកស្ថិតនៅជុំវិញរាជធានីភ្នំពេញ រួមមាន ស្រុកកណ្ដាលស្ទឹង ស្រុកមុខកំពូលនិងស្រុកពញ្ញាឮខេត្តកណ្ដាល។

លោកឧកញ៉ា កាង សុធី នាយកប្រតិបត្តិនៃក្រុមហ៊ុនអលចនទ្រព្យ Century 21 Land Station បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១២ សីហានេះថា លោកជឿថាដីធ្លីនៅតំបន់ខ្លះ ក្នុងមួយឆ្នាំអាចនឹងឡើង៣០ទៅ៤០ភាគរយ ហើយ១០ឆ្នាំក្រោយនឹងដល់៤០០ភាគរយ ដូច្នេះអ្នកទិញដីនៅតំបន់នោះពេលនេះ តម្លៃ២០ដុល្លារក្នុងមួយម៉ែត្រការេ វាអាចឡើងដល់១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈពេល១០ឆ្នាំក្រោយ។

លោកឧកញ៉ាបន្តថា “ស្រុកពញ្ញាឮ មានហេដ្ឋារចនាសម្ព័ន្ធច្រើនជាងគេ ដីក៏មានរាងខ្ពស់ច្រើន ដែលមានន័យថាដីអត់លិចទឹក។ ដូច្នេះគេអាចទិញដីនោះ សម្រាប់សាងសង់ជាលំនៅឋានបានភ្លាម ហើយស្រុកនេះដែរក៏មានមនុស្សរស់នៅច្រើនផងដែរ”។ លោកបន្តថា “ចំណែកស្រុកកណ្ដាលស្ទឹងវិញ ជាស្រុកមួយមានការអភិវឌ្ឍលឿន ដោយ​សារមានគម្រោងព្រលានយន្តហោះនៅខាងហ្នឹង ដូច្នេះបើមានអ្នកមានធនធានច្រើន និងចង់អភិវឌ្ឍន៍យូរនឹងទទួលបានប្រាក់ចំណេញខ្ពស់”។

លោកឧកញ៉ាកាង សុធីបានបន្ថែមថា ចំណែកស្រុកមួយទៀតដែលជាប់នឹងរាជធានីភ្នំពេញដែរនោះ គឺស្រុកមុខកំពូល ដែលជាស្រុកជិតរាជធានីភ្នំពេញជាងគេ ហើយមានគម្រោងអភិវឌ្ឍន៍ដ៏ល្អ គឺគម្រោងពហុកីឡាដ្ឋានជាតិតេជោ និងមានផ្លូវជាតិលេខ៦រត់កាត់ ដែលជាធ្វើឱ្យតំបន់នៃស្រុកមុខកំពូល កាន់តែមានសក្ដានុពលក្នុងការទាក់ទាញអ្នកអភិវឌ្ឍន៍ ។

លោកបន្តថា “បើចង់វិនិយោគរយៈពេលខ្លី គឺទិញដីនៅស្រុកមុខកំពូលនឹងទទួលបានឱកាសចំណេញបានលឿន”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន ក៏បានលើកឡើងផងដែរថា បើចង់វិនិយោគដីធ្លីឱ្យទទួលបានឱកាសចំណេញច្រើន គួរងាកទៅរកតំបន់ជាយៗក្រុង ពីព្រោះតំបន់ទាំងនោះ តម្លៃដីនៅមានកម្រិតទាបនៅឡើយ តែបើយើងក្រលេកមកមើលតម្លៃដីនៅកណ្ដាលក្រុងឬនៅជិតក្រុងវិញ វាបានឡើងដល់កម្រិតមួយខ្ពស់ទៅហើយ ដូច្នេះឱកាសនោះការឡើងថ្លៃទៀត វាស្ទើរតែមិនមានឬមានតិចតួចប៉ុណ្ណោះ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា ការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពលដូចគ្នាគ្រាន់តែវាមានលក្ខណៈខុសគ្នាទៅលើផ្នែកនៃការអភិវឌ្ឍ។ ទៅថ្ងៃអនាគតរាជធានីភ្នំពេញនឹងកាន់​តែរីករាលសាយ ដូច្នេះតំបន់នៅជាយរាជធានី នឹងទទួលបានឱកាសនៃការឡើងថ្លៃនៃតម្លៃដីដូចគ្នា។

យោងតាមផែនការគោលបស់រាជរដ្ឋាភិបាល គ្រោងនឹងពង្រីករាជធានីភ្នំពេញឱ្យមានកាំរង្វង់រហូតដល់១០០គីឡូម៉ែត្រ ដូច្នេះហើយមានតែវិធីកាត់យកដីនៅតាមបណ្ដាខេត្តដែលជាប់នឹងរាជធានីភ្នំពេញ ក្នុងនោះស្រុកទាំងបីរួមមានស្រុកមុខកំពូល កណ្ដា​លស្ទឹង និងស្រុកពញ្ញាឮ គឺជាស្រុកដែលជាប់នឹងរាជធានីភ្នំពេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here