ក្រុមហ៊ុនលំដាប់យក្សSamsung នឹងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញសម្រាប់ការផលិតផលទូរស័ព្ទថ្មីៗ

0

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុន Samsung Electronics បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១២ សីហា នេះថា ខ្លួននឹងប្រើវត្ថុធាតុដើមកែច្នៃឡើងវិញ សម្រាប់ការផលិតទូរស័ព្ទចល័តថ្មីៗរបស់ខ្លួននៅត្រឹមឆ្នាំ ២០២៥ ខណៈដែលក្រុមហ៊ុននេះបានប្តេជ្ញាកាត់បន្ថយផលប៉ះពាល់បរិស្ថានឱ្យមកនៅតិចតួចបំផុត។ នេះបើយោងតាមសារព័ត៌មាន Korea News។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង មួយនេះបានបង្ហាញចក្ខុវិស័យប្រកប​ដោយនិរន្តរភាពថ្មីរបស់ខ្លួន សម្រាប់អាជីវកម្មទូរស័ព្ទដៃក្រោមប្រធានបទ “Galaxy for the Planet” (ហ្គាឡាក់ស៊ី សម្រាប់ភពផែនដី) ក្នុងព្រឹត្តិការណ៍បញ្ចេញម៉ូឌែលស្មាតហ្វូនបត់ស៊េរីថ្មីរបស់ខ្លួន។

ដើម្បីសម្រេចបានគោលដៅ ប្រកបដោយនិរន្តរភាពដំបូងរបស់ខ្លួន ថ្នាក់ដឹកនាំក្រុមហ៊ុន Samsung និយាយថា ជាដំបូងខ្លួននឹងព្យាយាម ដាក់បញ្ចូលវត្ថុធាតុដើមកែច្នៃឡើងវិញ ទៅក្នុងផលិតផលទូរស័ព្ទថ្មីទាំងអស់របស់ខ្លួន ហើយនឹងលុបបំបាត់ការប្រើប្រាស់ប្លាស្ទិកទាំងអស់ នៅក្នុងការវេចខ្ចប់ទូរស័ព្ទនៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុននេះលើកឡើងថា “ក្រុមហ៊ុន Samsung កំពុងវិនិយោគលើវត្ថុធាតុដើមថ្មីៗ និងដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ការផលិតផលរបស់ខ្លួន”។

ក្រុមហ៊ុននេះនិយាយថា ខ្លួននឹងព្យាយាមកាត់បន្ថយឱ្យបានច្រើនបំផុត នូវការបញ្ចេញកាកសំណល់ ពីកន្លែងផលិតទូរស័ព្ទរបស់ខ្លួន ជាមួយនឹងគោលដៅកែច្នៃគ្រប់កាកសំណល់របស់ខ្លួន ដើម្បីយកមកប្រើប្រាស់ឡើងវិញ ជាជាងយកទៅចាក់ចោលនៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុន Samsung គូសបញ្ជាក់ថា ខ្លួននឹងសហការជាមួយក្រុមហ៊ុននានា ក៏ដូចជាបណ្ដាដៃគូសហការ ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយនិរន្តរភាពរបស់ខ្លួន។

លោកស្រី Stephanie Choi ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Samsung បានថ្លែងថា “ក្រុមហ៊ុន Samsung ប្តេជ្ញាបង្កើតដំណោះស្រាយ ដែលអាចផ្តល់អនាគតល្អប្រសើរសម្រាប់មនុស្សជាតិ និងភពផែនដីរបស់យើង”។ លោកស្រីបន្តថា “ប៉ុន្តែយើងដឹងថា យើងតែម្នាក់ឯងមិនអាចធ្វើបានឡើយ ហើយការរួបរួមគ្នាប្រយុទ្ធប្រឆាំងដើម្បីការពារភពផែនដី មិនមែនជាការប្រកួតប្រជែងនោះឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here