ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែសម្រួលដល់ចរាចរណ៍ និងលើកសោភ័ណ្ឌភាពទីក្រុងឬតំបន់ណាមួយនោះទេ តែវាក៏បានជួយជំរុញដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យផងដែរ ហើយវិនិយោគិនបរទេស ដែលចូលមកដល់កម្ពុជា តែងតែសម្លឹងមើលពីហេដ្ឋារចនាសម្ព័ន្ធនេះ មុនពួកគេមុនពេលសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ។
លោកស្រីGrace Rachny Fong នាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍កាលពីថ្ងៃម្សិលម៉ិញនេះថា ហេដ្ឋារចនាសម្ព័ន្ធ គឺពិតជាមានសារសំខាន់មែនទែននៅក្នុងវិស័យអចលនទ្រព្យ ដូច្នេះរាជរដ្ឋាភិបាល លោកបានខិតខំសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេស ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដូចជា ស្ពានអាកាស ផ្លូវក្រោមដី និងផ្លូវខ្វាត់ខ្វែងទៀត រួមជាមួយភ្លើងបំភ្លឺផ្លូវសួនច្បារនៅតាមទ្រូងផ្លូវនិងសងខានផ្លូវជាដើម ។
លោកស្រីបន្តថា “ផ្លូវសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញ ក៏ជាទំនុកចិត្តដល់វិនិយោគិនបរទេស ចូលមកបណ្ដាក់វិនិយោគផងដែរ ក្នុងនោះផ្លូវនរោត្តមក៏តែងតែមានថ្នាក់ដឹកនាំក្រៅប្រទេសជាច្រើន ត្រូវធ្វើដំណើរឆ្លងកាត់ពេលពួកគាត់មកប្រជុំ ឬបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា”។លោកស្រីបន្តថា “ក្រៅពីផ្លូវសហព័ន្ធរុស្ស៊ី ក៏ជាផ្លូវប្រតិភូថ្នាក់ដឹកនាំក្រៅប្រទេសត្រូវធ្វើដំណើរឆ្លងកាត់ដែរ ពេលចុះចតនៅព្រលានយន្តហោះហើយត្រូវធ្វើដំណើរទៅកាន់កន្លែងស្នាក់ឬកន្លែងប្រជុំ”។
លោកស្រីGrace Rachnyបានបន្ថែមថា ក្រៅពីផ្លូវ ក៏នៅមានភ្លើង និងប្រព័ន្ធអ៊ីនធើណេតក៏ជាកត្តាសំខាន់ ក្នុងការទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ ។នៅពេលវិនិយោគិនចង់សាងសង់អគារខ្ពស់ៗ គឹត្រូវសិក្សាសិនថាមានភ្លើងគ្រប់គ្រាន់ឬនៅសម្រាប់ដំណើរការសាងសង់អគារ និងសម្រាប់បំពេញនូវតម្រូវការអគារនៅពេលសាងសង់រួចហយ ហើយប្រព័ន្ធទូរគមនាគមន៍ ក៏ជាការទាក់ទាញដល់វិនិយោគិនផងដែរ ។
លោកស្រីបន្តថា “អ្នកវិនិយោគិនមុននឹងចូលមកបណ្ដាក់ទុន គេសួរនិងមើលទៅលើចំណុចទាំងនេះ ហើយរដ្ឋាភិបាលក៏បានគិតគូរនិងអភិវឌ្ឍន៍ត្រង់ចំណុចនេះ បានល្អផងដែរ ដែលធ្វើឱ្យកម្ពុជាយើងទទួលបានវិនិយោគបរទេស ជាបន្តបន្ទាប់បណ្ដាក់ទុនក្នុងវិស័យអចលនទ្រព្យ”៕