ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសរៀបចំ គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។ នេះបើយោងតាមសេចក្ដីសម្រេច របស់ក្រសួងរៀបចំដែនដី ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។

ក្រុមការងារបច្ចេកទេសនេះ មានភារកិច្ចសិក្សាស្រាវជ្រាវ ចងក្រង និងវិភាគទិន្ន ន័យដីធ្លី ដោយផ្អែកលើគោលនយោបាយដីធ្លី គោលនយោបាយជាតិស្តីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ផែនការរៀបចំដែន ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីខេត្តព្រះសីហនុ។
-->
ក្រុមការងារបច្ចេកទេសនេះ មានភារកិច្ចសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ឱ្យស្របតាមចក្ខុវិស័យនៃគោលនយោបាយ តាមវិស័យពាក់ព័ន្ធ។
ខេត្តព្រះសីហនុ ជាខេត្តមាត់សមុទ្រ ដែលបានក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់ថ្មីមួយសម្រាប់ប្រទេសកម្ពុជា ក្រៅពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្រៅពីកន្លែងទេសចរ ណ៍ និងច្រកចេញចូលទំនិញ ដោយមានកំពង់ផែធំជាងគេ ខេត្តនេះមានការលូតលាស់យ៉ាងលឿនរហ័សនូវសំណង់អគារចម្រុះ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោកឃាង ភារម្យបានថ្លែងប្រាប់ថា ទោះបីជាស្ថានភាពកូវីដ១៩ នៅតែបង្កជាបញ្ហាដល់ខេត្តសម្រាប់ដោះស្រាយក្ដី តែយើងក៏មិនភ្លេចពីការអភិវឌ្ឍខេត្ត ដើម្បីស្វាគមន៍ដល់វិនិយោគិនជាតិ និងអន្តរជាតិមកបណ្ដាក់ទុនរកស៊ី នៅពេលចប់វិបត្តិកូវីដ១៩នោះទេ។
លោកបានថ្លែងបន្តថា “ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងខេត្ត ជាកត្តាទាក់ទាញមួយដល់វិនិយោគិនជាតិ និងអន្តរជាតិ សម្រាប់មកបណ្ដាក់ទុន នៅពេលខាងមុខឆាប់នេះ ខណៈហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីរាជធានីក៏កំពុងតែស្ថាបនាយ៉ាងមមាញឹក ដើម្បីសម្រួលដល់បណ្ដាអ្នកវិនិយោគ ដែលមានបំណងមកកាន់ខេត្តព្រះសីហនុ”។

រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឲ្យសាងសង់ មានទំហំ១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក៕