GRA តែងតាំងលោកឡោ វិចិត្រជាប្រធានសាខាសមាគមប្រចាំរាជធានីភ្នំពេញ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ សមាគមអចលនទ្រព្យសកល (GRA) បានសម្រេចតែងតាំងលោកឡោ វិចិត្រ ជាប្រធានសាខាសមាគមនេះ ប្រចាំរាជធានីភ្នំពេញ ដើម្បីពង្រីកសក្តានុពលរបស់​សមាគមនេះ ក្នុងការលើកស្ទួយវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកឧកញ៉ាសំ សុខនឿប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសា​សន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការសម្រេចចិត្តតែងតាំងលោកឡោ វិចិត្រជាប្រធានសាខាសមាគមប្រចាំរាជធានីភ្នំពេញ ដោយសារលោកមើលឃើញថា គាត់ជាមនុស្សមានសមត្ថភាពជាច្រើន ពិសេសលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដោយលោកបានសិក្សាពីនិន្នាការទីផ្សារក្នុងស្រុក និងនិន្នាការរបស់អ្នកវិនិយោគអន្តរជាតិ។

លោកឧកញ៉ាបានបន្តថា “លោកវិចិត្រ ជាមនុស្សមានសមត្ថភាព និងមានទំនាក់ទំនងល្អក្នុងសង្គមការងារ ក៏ដូចជាចូលរួមលើកស្ទួយអ្នកជំនួញជាស្រ្តី ដើម្បីទទួលបានផលប្រយោជន៍ និងទាញយកផលប្រយោជន៍បានកាន់តែច្រើន ពីការរីកចម្រើនសេដ្ឋកិច្ចជាតិ”។

លោកបន្តថា ការតែងតាំងសមាសភាពថ្នាក់ដឹកនាំ សមាគមជាបន្តបន្ទាប់ គឺជាការពង្រឹងរចនាសម្ព័ន្ឋដឹកនាំរបស់សមាគម ដើម្បីអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួ​យរាជរដ្ឋាភិបាលបានកាន់តែច្រើននាពេលអនាគត។

លោកឧកញ៉ាបានបន្តថា ដោយមានបេសកកម្ម និងចក្ចុវិស័យច្បាស់លាស់ សមា​គមនឹងពង្រីកការិយាល័យ នៅក្រៅប្រទេសបន្ថែមទៀតនាពេលអនាគត ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ​ មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

លោកឡោ វិចិត្រប្រធានសាខាសមាគមអចលនទ្រព្យសកលប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍ ដោយបានសម្តែងក្តីរីករាយ និងបានចាត់ទុកជាកិត្តិយសដ៏ឧត្តុងឧ ត្តមមួយ ដែលប្រធាន GRA តែងតាំងជាប្រធានសាខារបស់សមាគមនេះ។

លោកបន្តថា រាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមជ្ឈ​មណ្ឌលសេដ្ឋកិច្ច វប្បធ៌ម នយោបាយ ហេតុនេះការរីកចម្រើនវិស័យអចលនទ្រព្យនៅរាជធានៅភ្នំពេញ ពិតជាសំខាន់ណាស់ ព្រោះរាជធានីនេះ ប្រៀបដូចជាក្បាលរថភ្លើង​មួយ ក្នុងការធ្វើឲ្យវិស័យនេះកាន់តែមានកំនើនខ្លាំង ដោយសារតែអ្នកវិនិយោគភាគច្រើនបានធ្វើការវិនិយោគនៅរាជធានីនេះ។

លោកបន្តថា “ក្នុងតួនាទីជាប្រធានសាខាសមាគមប្រចាំរាជធានីភ្នំពេញ ខ្ញុំគិតថា វាជាតួនាទីសំខាន់ ដែលខ្ញុំអាចចូលរួមចែករំលែកចំណេះដឹង ការផ្សព្វផ្សាយ ក៏ដូចចូលរួម លើកកំពស់វិស័យនេះ ឲ្យកាន់តែរីកចម្រើនជាងមុន ស្របតាមយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here