ដោយៈគង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា កំពុងឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា តាមរយៈការសាងសង់កំពង់ផែទឹកជ្រៅ នៅឆ្នាំ២០២២ ដែលអាចស្វាគមន៍កប៉ាល់ធំៗមកពីជុំវិញពិភពលោកចូលចតបាន។

ដោយៈគង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា កំពុងឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា តាមរយៈការសាងសង់កំពង់ផែទឹកជ្រៅ នៅឆ្នាំ២០២២ ដែលអាចស្វាគមន៍កប៉ាល់ធំៗមកពីជុំវិញពិភពលោកចូលចតបាន។

អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើនធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុនសាងសង់កំពង់ផែព្រះសីហនុ ដំណាក់កាលដំបូងបានរួចរាល់ និងដាក់ឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ននេះរួចរាល់ហើយ។
លោកបានបន្តថា ជប៉ុនបានគាំទ្រក្នុងការសាងសង់អភិវឌ្ឍកំពង់ផែ ខេត្តព្រះសីហនុ ៣ដំណាក់កាលបន្តទៀត។ ដោយដំណាក់កាលទី១ ដែលត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥ នឹងមានការកសាងកំពង់ផែមានជម្រៅទឹករហូតដល់ ១៤,៥ម ដែលអាចឱ្យនាវាដឹកជញ្ជូនប្រមាណជា ៧០% ដែលកំពុងចរាចរលើសមុទ្របច្ចុប្បន្ន អាចចូលចតនៅកំពង់ផែព្រះសីហនុបាន។
ចំណែកដំណាក់កាលទី២ និងទី៣ នឹងត្រូវបានកសាងក្នុងពេលព្រមគ្នា ដើម្បីជម្រុញឱ្យកំពង់ផែព្រះសីហនុ មានជម្រៅទឹករហូតដល់១៨ម៉ែត្រ ដែលត្រូវបានបញ្ចប់នៅឆ្នាំ២០២៨។ បន្ទាប់ពីមានការសាងសង់កំពង់ផែ ដែលមានជម្រៅទឹក១៨ម៉ែត្រ នាវានៅលើពិភពលោកនឹងអាចចុះចត នៅកំពង់ផែព្រះសីហនុបានរហូតទៅដល់៩៧ភាគរយ។
ផ្លូវទឹកនៅខេត្តព្រះសីហនុ មានកំពង់ផែធំៗចំនួន៣ គឺកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ កំពង់ផែឧកញ៉ាម៉ុង និងកំពង់ផែអន្តរជាតិស្ទឹងហាវ ស្ថិតនៅក្នុងស្ទឹងហាវ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ននេះ អាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង៧០ភាគរយ នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះបានបម្រើនូវសេវាកម្មចំនួនបួន រួមមាន ទី១ ប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍ ទី២ សម្រាប់ដឹកជញ្ជូនទំនិញរាយ ទី៣ សម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងទី៤ ប្រើសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦សីហានេះថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នៅមិនទាន់បានសាងសង់នៅឡើយទេ អាចសាងសង់នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។
លោកបានបន្តថា “ឥឡូវកំពុងបញ្ចប់ការងារលំអិតផ្នែកឌីហ្សាញ ហើយរៀបចំក្រុមហ៊ុនសាងសង់។ អីចឹងទាល់តែឆ្នាំ២០២២ ទើបចាប់ផ្តើមសាងសង់និងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ”។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ដៃគូរជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុឱ្យក្លាយជាកំពង់ផែអន្តរជាតិ ដែលអាចទទួលចុះចតនាវាធំៗបើកតាមផ្លូវសមុទ្យអន្តរជាតិ ឆ្លងកាត់ដែនសមុទ្យរបស់ប្រទេសកម្ពុជា៕