សេដ្ឋវិទូម៉ី កល្យាណៈកម្ពុជាមានមូលដ្ឋានក្តីសង្ឃឹមសំរាប់កំនើនសេដ្ឋកិច្ចតាមការព្យាករណ៍របស់រដ្ឋាភិបាល

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ សេដ្ឋវិទូបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចជាង៤ភាគរយរបស់រដ្ឋាភិបាល សំ​រាប់់ឆ្នាំ២០២២ខាងមុខ អាចទុកចិត្តបាន។

លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹងងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៨ សីហានេះថា បណ្តាប្រទេសអ្នកមានបានគ្រប់គ្រងជំងឺកូវីដបានល្អ ចាក់វ៉ាក់សាំងបានច្រើន គេមានលុយច្រើន ដែលធ្វើឲ្យ​សេដ្ឋកិច្ចរបស់ពួកគេងើបឡើងវិញលឿន ហេតុនេះកម្ពុជាមានសង្ឃឹមជាងមុនលើមូលដ្ឋានកំនើនរបស់ខ្លួន ព្រោះបណ្តាប្រទេសរីកចម្រើននានាមានសេដ្ឋកិច្ចកើនឡើង ក៏ផ្តល់ភាពអំណោយផលដល់ការនាំចេញរបស់កម្ពុជាផងដែរ។

លោកបន្តថា “អ្វីៗដែលជាការព្យាករណ៍របស់រដ្ឋាភិបាល គឺអាចទុកចិត្តបាន និងអាចធ្វើទៅបាន ព្រោះយើងបានគ្រប់គ្រងជំងឺកូវីដបានល្អ និងការចាក់វ៉ាក់សាំងបានលឿន រហូតដល់ជាង៨០ភាគរយ”។លោកបន្តថា “ក្នុងការសិក្សារបស់ខ្ញុំបានបង្ហាញថា មានតែប្រទេសអ្នកមានប៉ុណ្ណោះ ដែលអាចចាក់វ៉ាក់សាំងបានល្អបែបនេះ តែកម្ពុជាអាចធ្វើបានល្អផងដែរ ដែលនេះជាមោទនភាពមួយសំរាប់រដ្ឋាភិបាល”។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា ការសម្រេចបាននូវការចាក់វ៉ាក់សាំងបានរហូតជាង៨០ភាគរយ ជាការខិតខំរបស់រដ្ឋាភិបាល ដែលបានធ្វើការងារច្បាស់លាស់ មុតមាំ និងម៉ត់ចត់បំផុត នេះជាមោទនភាពមួយ។

ថ្លែងនៅក្នុងសិក្ខាសាលាស្វែងយល់អំពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញZoom ក្រោមអធិបតីភាព  លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២  នៃរដ្ឋសភា  នៅកាលពីព្រឹកថ្ងៃទី១៧ ខែសីហា  ឆ្នាំ២០២១នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា  សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៤,៨ភាគរយក្នុង ឆ្នាំ២០២២ ដោយសារកម្ពុជាមានលទ្ធភាពស្តារសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេលឆាប់ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋ បង្កើតឱ្យមានស៊ាំក្នុងសហគមន៍ធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព។

លោកបន្តថា “នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ ក្នុងទំហំប្រមាណ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពល​រដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់សកម្មភាពអាជីវកម្ម  ប៉ុន្តែដោយ​សារមានព្រឹត្តិការណ៍២០កុម្ភៈ  ទំហំថវិកាសម្រាប់អន្តរាគមន៍កូវីដ១៩ អាចមានដល់១.៤៥៤លានដុល្លារ”។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “ការដែលមានថវិកាប្រើប្រាស់នៅគ្រាអាសន្ន មិនមែនជាការដៃដន្យនោះទេ ប្រាក់សន្សំនេះកើតចេញពីការគិតគូរ ប្រកបដោយភាពមធ្យ័ត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here