ដោយៈវឌ្ឈនៈ
ភ្នំពេញៈ គម្រោងក្រវ៉ាត់ក្រុងទី៤ ដែលរដ្ឋាភិបាលបានចាប់ផ្ដើមសិក្សាតាំងពីឆ្នាំ២០១៨មករហូតមកដល់ពេលនេះ មិនទាន់បញ្ចប់ការសិក្សានៅលើយ និងបន្តសិក្សាបន្តទៀត ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុល ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ នៅថ្ងៃទី១៩ សីហា ២០២១កន្លងទៅនេះ។

-->
កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់លើកឡើងថា គម្រោងសិក្សាសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលនៅឡើយ បន្ទាប់ពីក្រុមហ៊ុនឯកជនបានសិក្សាចប់សព្វ កាលពីឆ្នាំ២០២០កន្លងទៅ។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងដែរថា ក្រសួងមិនទាន់មានផែនការ ចាប់ផ្តើមការដ្ឋាននៅឡើយទេ ទោះក្រុមហ៊ុនបានបញ្ចប់ការសិក្សារួចក្ដី។

ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន សិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ នេះ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយក្រុមហ៊ុនទើបតែបានសិក្សាចប់សព្វគ្រប់នៅខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ ។
តាមលទ្ធផលសិក្សាកាលពីខែតុលា ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ មានប្រវែង១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក ។
លោកស៊ុន ចាន់ថុលបានលើកឡើងផងដែរថា ទោះបីស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ តែកម្ពុជានៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាច្រើនខ្សែទូទាំងប្រទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងកាត់ ជាក់ស្ដែងរដ្ឋាភិបាលបានស្ថាបនាផ្លូវតភ្ជាប់ពីភ្នំពេញ ទៅបណ្ដាខេត្តនិងផ្លូវក្នុងខេត្ត ដែលមានសក្ដានុពលជាច្រើនទៀតដោយបានប្រើប្រាស់ថវិកាសន្សំ របស់រាជរដ្ឋាភិបាលកន្លងមក៕