ក្រុមហ៊ុនយក្សSamsung គ្រោងបោះទុនវិនិយោគរហូតដល់២០៦ពាន់លានដុល្លារ អាមេរិកដើម្បីជំរុញកំណើន

0

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុនយក្សSamsung Group នឹងបោះទុនវិនិយោគរហូតដល់ទៅ២០៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដើម្បីពង្រីកខ្លួនក្នុងវិស័យជីវឱសថ បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) បន្ទះឈីប និងមនុស្សយន្ត។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ សីហា នេះ។

ក្រុមហ៊ុនធំបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង មួយនេះបានប្រកាសនៅថ្ងៃអង្គារនេះថា ការវិនិយោគដ៏ធំសម្បើមនេះ នឹងជួយពង្រឹងជំហររបស់ខ្លួនទូទាំងពិភពលោក ក្នុងវិស័យសំខាន់ៗ ដូចជា ការផលិតបន្ទះឈីបជាដើម ហើយទន្ទឹមនេះវាក៏អនុញ្ញាតឱ្យខ្លួនស្វែងរកឱកាសកំណើនក្នុងវិស័យថ្មីៗដូចជាមនុស្សយន្ត និងទូរគមនាគមន៍ជំនាន់ថ្មីផងដែរ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ Samsung Electronics ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោកនិយាយថា ក្រុមហ៊ុន Samsung Group មានគម្រោងពង្រឹងវិស័យបច្ចេកវិទ្យា និងភាពលេចធ្លោឈានមុខគេក្នុងទីផ្សារ តាមរយៈការច្របាច់បញ្ចូលគ្នា និងការទិញយកក្រុមហ៊ុនផ្សេងៗ។

ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ថា តើទំហំវិនិយោគចុងក្រោយនេះរួមបញ្ចូលទឹកប្រាក់ចំនួន១៧ពាន់លានដុល្លារអាមេរិក ដែលខ្លួនគ្រោងចំណាយលើការសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីមួយ នៅសហរដ្ឋអាមេរិក ឬក៏អត់នោះទេ។

ក្រុមហ៊ុន Samsung Group មានបុត្រសម្ព័ន្ធចំនួន៥៩ ជាមួយទ្រព្យសកម្មសរុប៤៥៧ទ្រីលានវ៉ុន (៣៩១ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមអាជ្ញាធរនិយ័តកម្មសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។

ផែនការវិនិយោគនេះ ធ្វើឡើងជាងមួយសប្ដាហ៍ក្រោយពីលោក Jay Y Lee ប្រធានក្រុមហ៊ុន Samsung Group ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីជាប់ទោសពីបទពុករលួយ និងគៃបន្លំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here