ឥណ្ឌូនេស៊ីត្រៀមទទួលលំហូរ FDI ជាមួយទំហំទឹកប្រាក់រហូតដល់ទៅ១០០ពាន់លានដុល្លារ

0

ដោយៈសុខុម

ហ្សាការតា: ក្រុមហ៊ុនអូស្ត្រាលី Fortescue Metals Group និងក្រុមហ៊ុនចិន Tsingshan Holding Group អាចនឹងបោះទុនវិនិយោគរាប់សិបពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្ររម្លាយលោហៈមួយ នៅក្បែរគម្រោងទំនប់វារីអគ្គិសនីមួយ នៅលើកោះ Borneo នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៤ សីហា។

លោក Luhut Pandjaitan រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី បានលើកឡើងថា ក្រុមហ៊ុនទាំងនេះ បានពិភាក្សាគ្នាអំពីគម្រោងនេះ តាំងពីដើមឆ្នាំ២០២១ ហើយថា ការរម្លាយរ៉ែដែក រ៉ែទង់ដែង និងរ៉ែនីកែល (nickel) នៅរោងចក្រដែលបានគ្រោងទុកខាងលើនេះ អាចនឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២៣។

យោងតាមការធ្វើបទបង្ហាញរបស់លោក Luhut Pandjaitan កាលពីថ្ងៃអង្គារ ទី២៤ សីហា បង្ហាញថា ក្រុមហ៊ុន Fortescue អាចនឹងបោះទុនវិនិយោគចំនួន១២ពាន់លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនTsingshan អាចនឹងបោះទុនវិនិយោគ៣០ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា “ទំហំវិនិយោគសរុប នឹងមានចំនួនរហូតដល់ទៅ១០០ពាន់លានដុល្លារអាមេរិក ដោយបូករួមទាំងគម្រោងទំនប់វារីអគ្គិសនីផង ហើយការសាងសង់នឹងបញ្ចប់ជាស្ថាពរក្នុងរយៈពេល១០ឆ្នាំ”។
ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន Fortescue និងក្រុមហ៊ុន Tsingshan មិនបានឆ្លើយបំភ្លឺឡើយ ពេលសាកសួរអំពីគម្រោងអភិវឌ្ឍន៍នេះ។

កាលពីខែកញ្ញា ឆ្នាំមុន ក្រុមហ៊ុន Fortescue Future Industries (FFI) ដែលជាបុត្រសម្ព័ន្ធរបស់ Fortescue បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើការសិក្សាសមិទ្ធលទ្ធភាពអំពីការប្រើប្រាស់ថាមពលវារីអគ្គិសនី និងធនធានក្នុងដីរបស់ឥណ្ឌូនេស៊ី សម្រាប់ដំណើរការឧស្សាហកម្ម ដើម្បីការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។ នេះបើយោងតាមលោកស្រី Julie Shuttleworth នាយកប្រតិបត្តិក្រុមហ៊ុន Fortescue Future Industries (FFI) ដែលបានលើកឡើងតាមរយៈអ៊ីម៉េលមួយកាលពីខែមីនា។

ក្រុមហ៊ុន Tsingshan មានការវិនិយោគធំៗរួចទៅហើយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានចាប់ពីសួនឧស្សាហកម្ម រហូតដល់រោងចក្រកែច្នៃដែកអ៊ីណុក។

ប្រទេសឥណ្ឌូនេស៊ី ដែលសម្បូរទៅដោយរ៉ែនីកែល (nickel) មានមហិច្ឆតាធំចង់ចាប់ផ្តើមដំណើរច្នៃរ៉ែនីកែល ដែលគេសម្រាប់ប្រើនៅក្នុងអាគុយ Lithium ហើយទីបំផុតនឹងក្លាយជាមជ្ឈមណ្ឌលពិភពលោក សម្រាប់ការផលិត និងនាំចេញរថយន្តអគ្គិសនី (EV)។

រោងចក្ររម្លាយលោហៈថ្មីនេះ នឹងមានទីតាំងស្ថិតនៅជិត គម្រោងវារីអគ្គីសនី Kayan ដែលមានកម្លាំង១១.០០០មេហ្គាវ៉ាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here