តើការចាក់វ៉ាក់សាំងដូសទី៣មុនកាលកំណត់មានប្រសិទ្ឋភាពដែរឬទេ?

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ កំពុងត្រូវបានជំរុញនិងលើកទឹកចិត្តពីរដ្ឋាភិបាល ប៉ុន្តែប្រសិនជាចាក់មុនកាលកំណត់ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី២រួច តើការចាក់វ៉ាក់សាំងដូសទី៣មានប្រសិទ្ឋភាពដែរឬទេ?។

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះថា អ្នក​ចាក់​វ៉ាក់សាំង​ទើប​បាន២ខែ ហើយ​ចង់​ចាក់​ដូស​ទី៣ ក៏​មិន​មាន​ប្រ​យោ​ជន៍ឬប្រសិទ្ធភាព​អ្វី​ដែរ ហើយ​ណាមួយ​វា​ខុស​ទៅ​នឹង​គោលការណ៍ ​​ដែល​បាន​កំណត់​ទៀត​ផង។

លោកជំទាវ​បន្ថែម​ថា​ “វ៉ាក់សាំង​បើ​ចាក់​ចូល​ក្នុង​ខ្លួន​យើង​ហើយ ​មិន​អាច​យក​ចេញ​មក​វិញ​បាន​ទេ។ ដូចនេះ​មុន​នឹង​សម្រេចចិត្ត​ចាក់ ​ត្រូវ​គិត​គូរ​ឲ្យ​​បាន​ច្បាស់លាស់​ ហើយ​ត្រូវ​មើល​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ”។

ការ​បង្ខំ ​ឬ​តាម​គេ​អូសទាញ​នៃ​ពាក្យ​ចចាមអារ៉ាម ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​តែ​ខ្លួនឯង​នោះ​ទេ។ ហើយ​បើ​ចាក់​រួច​ក៏​គ្មាន​ប្រយោជន៍​ដែរ ​ព្រោះ​មិន​ទាន់​គ្រប់ខែ​ត្រូវ​ចាក់​ដូស​ទី៣។ ដូច្នេះ​ទើប​ក្រសួងសុខាភិបាល​លោក ​បាន​កំណត់ ​និង​ប្រកាស​ពី​ពេល​វេលា​ច្បាស់ៗ​ សម្រាប់​ឲ្យ​បងប្អូន​ប្រជាជន​យើង​បាន​ដឹង។ ចៀសវាង​ភាន់ច្រឡំ​ដោយ​ប្រការ​ណាមួយ​ នាំ​ឲ្យ​ទៅ​ប្រជ្រៀត​គ្នា​ចាក់​វ៉ាក់សាំង​ជាមួយ​អ្នក​​គ្រប់​ខែ​ត្រូវចាក់ដែរ។លោកជំទាវបញ្ជាក់។

បើទោះ​បី​ជា​វ៉ាក់សាំង​អាច​ការពារ​យើង ​មិន​ឲ្យ​ឈឺ​ធ្ងន់​បាន​ពិត​មែន ​តែ​ពលរដ្ឋ​ម្នាក់ៗ​កុំ​អាង​មាន​អាវ​ក្រោះ​ការពារ​មិន​ខ្លបខ្លាច​ជំងឺ​។ ដោយសារ​វីរុស​នា​បច្ចុប្បន្ន​នេះ​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ ​និង​ល្បី​ឆ្លង​លឿន​មិនធម្មតា​ ហើយ​គ្រប់គ្នា​ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ ៣កុំ ៣ការពារ​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​ ជាពិសេស​នោះ​គឺ​គ្រួសារ​និង​សហគមន៍​ទាំងមូល។

វ៉ាក់សាំង​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ​ក្នុង​ការ​កាត់បន្ថយ​ការ​ចម្លង​ពី​ធ្ងន់​ទៅ​ស្រាល​ និង​កាត់បន្ថយ​អ្នក​ជំងឺ​សម្រាក​ពេទ្យ​ផង​ដែ​រ។ ដូចនេះ​សូម​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​វេន​របស់​ខ្លួន ​ដើម្បី​ឲ្យ​មាន​ភាព​ស៊ាំ​ក្នុង​សហគមន៍​ ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​និង​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here