ភ្នំពេញ៖ ក្រុងភ្នំពេញនឹងមានផ្លូវក្រោមដីមួយទៀត ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៨ វិច្ឆិកានេះថា សាលារាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មីមួយខ្សែ និងធ្វើផ្លូវក្រោមដីមួយខ្សែទៀតនៅតំបន់ចំណុចប្រសព្វរង្វង់មូលចោម ចៅ ដែលកំពុងមានបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។ គំរោងនេះគ្រោងនឹងសាងសង់នៅដើមឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ

-->
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងថា ប្លង់ស្ពាននិងផ្លូវក្រោមដីនេះ នឹងបញ្ចប់នៅរយៈពេល២ខែខាងមុខនេះ ហើយគម្រោងនេះមាន ភាពដូចគ្នា នឹងស្ពានអាកាសនៅស្ទឹងមានជ័យ និងគ្រោងចំណាយទឹកប្រាក់សាងសង់ប្រមាណ២៤លានដុល្លារអាមេរិក។ ថវិកាសម្រាប់គំរោងនេះ ជាថវិការបស់រដ្ឋាភិបាលបានមកពីការជួលដី ទីក្រុងរណបជ្រោយសង្វាររបស់ OCIC។
លោកបន្តថា “គំរោងនេះគ្រោងបញ្ចប់ក្នុងរយៈពេលប្រមាណ២៤ខែ ហើយពេលស្ពាននិងផ្លូវនេះបញ្ចប់ការសាងសង់ គម្រោងនេះនឹងជួយសម្រួលបញ្ហាចរាចរណ៍នៅតំបន់នេះ។
ជាមួយដំណឹងនៃការសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសថ្មីនេះ លោក ឈុនហ៊ាត ពលរដ្ឋរស់នៅក្នុងបូរីពិភពថ្មីកំបូល ក្នុងខណ្ឌពោធិសែនជ័យ បានសម្តែងការត្រេកអរដោយសង្ឃឹមថា ក្រោយពេលស្ពានក៍ដូចជាផ្លូវក្រោមដីបានសាង់សង់ចប់រួចរាល់នោះ នឹងអាចបញ្ចៀសការកកស្ទះ ហើយនឹងអាចធ្វើដំណើរបានលឿនមិនខាតពេលវេលាធ្វើការដូចបច្ចុប្បន្ននេទេ៕