ដោយៈសុខុម
ហុងកុង: ការស្ទង់មតិបង្ហាញថា ជនអន្តោប្រវេសន៍ដែលរស់នៅក្រុងហុងកុង ស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍ ទូទាំងពិភពលោកដែលទំនងជាចាកចេញ ហើយទិញផ្ទះក្នុងប្រទេសកំណើតរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី២៦ សីហា។
លោកស្រី Kate Everett-Allen ប្រធានផ្នែកស្រាវជ្រាវអំពីលំនៅដ្ឋានអន្តរជាតិនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យអង់គ្លេស Knight Frank ដែលបានធ្វើការស្ទង់មតិនេះបានថ្លែងថា “ក្រុងហុងកុង ស្ថិតក្នុងចំណោមប្រទេស ឬដែនដីចំនួន១៧ដែលជនបរទេសមកពីទីនោះនិយាយថា ពួកគេបានវិលត្រលប់ចូលប្រទេសកំណើតវិញ”។
លោកស្រីបានបន្ថែមថា “សម្រាប់អ្នកខ្លះ ការចាកចេញ និងទិញផ្ទះនៅប្រទេសកំណើតគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ខណៈវិធានការបិទខ្ទប់កំពុងអនុវត្តនៅឡើយ ដោយ៦៨%ក្នុងចំណោមអ្នកទាំងនោះនិយាយថា ពួកគេមានគម្រោងចេញទៅធ្វើការនៅបរទេសវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ផុតរលត់”។
អ្នកជំនាញរូបនេះបានលើកឡើងបន្តថា ក្រៅពីការរីករាលដាលវីរុសកូវីដ-១៩ មានហេតុផលចម្បងមួយចំនួន ដែលធ្វើឱ្យពួកគេផ្លាស់ប្ដូរលំនៅដ្ឋាន ដូចជា ស្ថានភាពការងារ និងស្ថានភាពគ្រួសារជាដើម។
ដោយសារជនបរទេសមានចំនួនស្មើ១០% នៃប្រជាជនសរុបប្រមាណ៧.៥លាននាក់នៅទីក្រុងហុងកុង ការចាកចេញរបស់ពួកគេជះផលប៉ះពាល់ ទៅលើតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងនេះ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈទីក្រុងហុងកុង បន្តបង្រ្កាបលើក្រុមប្រឆាំងផ្នែកនយោបាយ ក្រុមអ្នកជំនួញបរទេសបានព្រមានថា ជនបរទេស អាចនឹងសម្រុកចាកចេញពីទីក្រុងនេះ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។
ដោយធ្វើឡើងនៅចន្លោះខែមិថុនា និងខែកក្កដា ឆ្នាំ២០២១ ការស្ទង់មតិឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកឆ្លើយតបជាង៩០០នាក់នៅក្នុងប្រទេស និងដែនដីចំនួន៤៩។
នៅក្នុងទីក្រុងហុងកុង ខណៈពលរដ្ឋហុងកុង និងអ្នកទិញផ្ទះមកពីចិនដីគោក (ចិនប៉េកាំង) ជាអ្នកដើរតូនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញទីផ្សារអចលនទ្រព្យ សហគមន៍ជនបរទេស នៅតែជាកត្តាដ៏សំខាន់នៅក្នុងការកំណត់តម្លៃផ្ទះ។
នៅឆមាសទី១ ដើមឆ្នាំនេះ អ្នកស្នាក់នៅដែលមិនមែន ជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន៩.៣៦១នាក់បានពន្យារទិដ្ឋាការស្នាក់នៅ បើធៀបនឹងចំនួន១៩.៣២៣នាក់សម្រាប់ឆ្នាំ២០២០ ទាំងមូល។ តួលេខនេះមិនទាន់រាប់បញ្ចូលជនបរទេស ដែលជាអ្នកបម្រើការងារតាមផ្ទះ និងអ្នកមកពីចិនដីគោក ផងទេ។ ទិន្នន័យពីនាយកដ្ឋានអន្តោប្រវេសន៍បង្ហាញថា ទីក្រុងហុងកុង បានចេញទិដ្ឋាការការងារចំនួន៦.៤៧១ច្បាប់ក្នុងឆមាសទី១ ដើមឆ្នាំនេះ បើប្រៀបធៀបនឹងចំនួន១៤.៦១៧ច្បាប់នៅក្នុងឆ្នាំ២០២០ ទាំងមូល និង៤១.២៨៩ច្បាប់នៅក្នុងឆ្នាំ២០១៩។
ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យអង់គ្លេស Knight Frank ព្យាករថា តម្លៃផ្ទះនៅហុងកុង ទំនងជាកើនឡើង៥%នៅចុងឆ្នាំនេះ និង៥%ទៀតនៅឆ្នាំ២០២២ ដោយសារតម្រូវការខ្ពស់ ខណៈការផ្គត់ផ្គង់មានកម្រិត៕