ដោយៈសុខុម
ប៉េកាំង: អាជ្ញាធរពន្ធដាររបស់មហាយក្សចិន កំពុងបើកការស៊ើបអង្កេត លើបុគ្គលដែលលាក់បាំងប្រាក់ចំណូលខ្ពស់របស់ខ្លួន ហើយគេចវេះមិនបង់ពន្ធជូនរដ្ឋ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ សីហា។
តាមរយៈសេចក្ដីថ្លែងការណ៍មួយ ចេញកាលពីថ្ងៃព្រហស្បតិ៍ អគ្គនាយកដ្ឋានពន្ធដារចិន បានប្តេជ្ញាអនុវត្តគោលការណ៍ណែនាំស្តីពី កំណែទម្រង់ពន្ធដារដាក់ចេញដោយក្រុមប្រឹក្សារដ្ឋកាលពីខែមីនា ដែលបាននិយាយថា ប្រទេសចិន នឹងពង្រឹងការត្រួតពិនិត្យពន្ធដារលើបុគ្គល ដែលមានប្រាក់ចំណូលខ្ពស់ និងបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន។
អគ្គនាយកដ្ឋានពន្ធដារនិយាយថា ខ្លួននឹងបន្តបង្កើនការបង្រ្កាបជាប្រចាំ លើការអនុវត្តខុសច្បាប់ទាក់ទងនឹងពន្ធដារ។ ចំពោះបទល្មើសធំៗ ការដាក់ពិន័យនឹងត្រូវប្រកាសជាសាធារណៈ ហើយ Log in ចូលក្នុងកំណត់ត្រាឥណទានរបស់ក្រុមហ៊ុន ឬបុគ្គលដែលត្រូវបានចែករំលែកទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការបង់ពន្ធ និងបរិយាកាសធ្វើអាជីវកម្មដោយភាពត្រឹមត្រូវ។
ការប្ដេជ្ញាធ្វើការបង្ក្រាបលើការគេចពន្ធនេះធ្វើឡើង ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងប្រឹងប្រែងជំរុញកាន់តែខ្លាំងដើម្បី “ភាពរុងរឿងទាំងអស់គ្នា” តាមរយៈការកាត់បន្ថយគម្លាតប្រាក់ចំណូល និងវិសមភាពសង្គម។
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយកាលពីសប្តាហ៍មុន ដែលបានសន្យាគ្រប់គ្រងឱ្យបានកាន់តែប្រសើរ លើប្រភពប្រាក់ចំណូលខ្ពស់។
លោកបានបញ្ជាក់ថា “រដ្ឋនឹងការពារប្រាក់ចំណូល ដែលមានប្រភពស្របច្បាប់ ប៉ុន្តែនឹងធ្វើការបង្ក្រាបលើប្រាក់ចំណូល ដែលខ្ពស់ហួសហេតុ និងគ្មានប្រភពច្បាស់លាស់”៕