មេក្រុមហ៊ុនយក្ស Apple ទទួលបានប្រាក់រង្វាន់ ៧៥០លានដុល្លារនៅថ្ងៃខួបកាន់នៃការតំណែងរយៈពេល១០ឆ្នាំ

0

ដោយៈសុខុម

ញូវយ៉ក: លោក Tim Cook ទើបតែប្រារព្ធខួបកាន់តំណែង១០ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុនយក្ស Apple កាលពីពេលថ្មីៗនេះ ជាមួយនឹងការទទួលបានប្រាក់រង្វាន់រហូតដល់ទៅ៧៥០លានដុល្លារ ពីការលក់៣ភាគ៤នៃភាគហ៊ុន តម្លៃប្រមាណរាប់ពាន់លានដុល្លារបស់លោកនៅសប្ដាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ប្រតិបត្តិការទិញលក់ភាគហ៊ុននេះ ត្រូវបានលាតត្រដាង តាមរយៈឯកសារផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះដែលបង្ហាញថា លោក Tim Cook បានទិញ និងលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ជាង៥លានភាគហ៊ុន។

ក្នុងឋានៈជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក មួយនេះ លោក Tim Cook ទទួលបានរង្វាន់ជាភាគហ៊ុនយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការផ្ដល់រង្វាន់ជាភាគហ៊ុនដ៏ច្រើនសន្ធឹកសន្ធាប់មួយ ធ្វើឡើងក្រោយពីក្រុមហ៊ុន Apple ទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត នៅក្នុងសន្ទស្សន៍ផ្សារភាគហ៊ុន S&P 500 ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ រង្វាន់ភាគហ៊ុននេះ ត្រូវបានលក់ចេញនៅសប្ដាហ៍នេះ នៅពេលក្រុមហ៊ុននេះ ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលទទួលបានលទ្ធផលល្អកំពូលៗនៅក្នុងសន្ទស្សន៍ផ្សារហ៊ុន ដោយធ្វើឱ្យប្រាក់ចំណូលរបស់ភាហ៊ុនិក កើនឡើងជិត១៩២%គិតពីខែសីហា ឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។

បច្ចុប្បន្នក្រុមហ៊ុនយក្សApple បានក្លាយជាក្រុមហ៊ុន ដែលមានតម្លៃខ្ពស់បំផុតរបស់ពិភពលោក ជាមួយនឹងទំហំមូលធនូបនីយកម្មទីផ្សារ (Market Capitalization) រហូតដល់ទៅ២,៤ទ្រីលានដុល្លារ។ ភាគហ៊ុនរបស់ Apple បានហក់ឡើងប្រមាណ១១%គិតមកទល់ពេលនេះ។

យោងតាមឯកសារដាច់ដោយឡែកមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញថា ប្រាក់រង្វាន់ដែលបានពីការលក់ភាគហ៊ុនរបស់លោក Tim Cook កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោកបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុន Apple ចំនួន ៧ម៉ឺនភាគហ៊ុន (មានតម្លៃប្រហែល១០លានដុល្លារ) ជូនដល់អង្គការសប្បុរសធម៌។ ទោះជាយ៉ាងណា អង្គការដែលទទួលបានអំណោយសប្បុរសធម៌នេះ មិនត្រូវបានទម្លាយឱ្យដឹងទេ។

យោងតាមសន្ទស្សន៍ដាក់ចំណាត់ថ្នាក់មហាសេដ្ឋីពាន់លាន Bloomberg Billionaires Index ឱ្យដឹងថា នាយកប្រតិបត្តិរូបនេះ បានក្លាយជាមហាសេដ្ឋីពាន់លានជាផ្លូវការកាលពីឆ្នាំមុន ហើយតាមការប៉ាន់ប្រមាណថា លោកមានទ្រព្យសម្បត្តិប្រហែល១,៥ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here