ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាកើនឡើងដល់២១១គម្រោងជាមួយទំហំទឹកប្រាក់ ជាង៣,១ពាន់លានដុល្លារ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ជប៉ុនបានក្លាយជាប្រទេសវិនិយោគធំមួយនៅកម្ពុជា ដែលមានទុនវិនិយោគយ៉ាងច្រើន ហើយបានផ្ដល់ការងារដល់ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបង្ហាញឲ្យដឹងនៅថ្ងៃទី៣០ សីហា២០២១នេះឱ្យដឹងថា គិតត្រឹមខែកកក្កដា ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគចំនួន២១១គម្រោង មានទឹកប្រាក់ជាង៣,១ពាន់លានដុល្លារ ។

របាយការណ៍ដដែលឱ្យដឹងថា គិតត្រឹមខែកក្កដា ២០២១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យក្រុមជប៉ុន ធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន១៤៥ក្រុមហ៊ុន ដែលមានទុនវិនិយោគសរុបប្រមាណ២,៨ពាន់លានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ៣៤០លានដុល្លារអាមេរិក ។

នៅក្នុងកិច្ចពិភាក្សាជាមួយវិនិយោគិនជប៉ុន កាលពីថ្ងៃទី៣០សីហា២០២១នេះ លោកសុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព វិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគ ក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមការចង្អុលបង្ហាញនៃគោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០១៥ ដែលជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥ ។

ជាមួយគ្នានេះ លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកន្លងមកបានថ្លែងថា ជប៉ុនគឺជាវិនិយោគិន ដែលមានភាពស្មោះត្រង់មួយ ហើយប្រទេសណាក៏ចង់បានវិនិយោគិនជប៉ុន ចូលបណ្ដាក់ទុននៅក្នុងប្រទេសរបស់គេផងដែរ ។

លោកបន្តថា “នៅក្នុងប្រទេសកម្ពុជាយើងឃើញថា វិនិយោគិនជប៉ុនកាន់តែច្រើនបានចូលមកស្វែងរកការបណ្ដាក់ទុនវិនិយោគ ទៅលើវិស័យជាច្រើន ដូចជា អចលនទ្រព្យ និងឧស្សាហកម្មកាត់ដេរជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here