សេដ្ឋីចិននិងក្រុមហ៊ុនLSCGបោះទុនរួមគ្នាលើទឹកប្រាក់២០០លានដុល្លារនៅតំបន់ ព្រលានយន្តហោះភ្នំពេញថ្មី

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនមហាសេដ្ឋីពីប្រទេសចិន និងក្រុមហ៊ុនក្នុងស្រុក LSCG បានរួមគ្នាអនុម័តថវិកា២០០លានដុល្លារ សម្រាប់សហការវិនិយោគជាមួយអ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងព្រលានយន្តហោះភ្នំពេញថ្មី។

អគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយ ដែលជាតំណាងចរចាលើកិច្ចសហការនេះ ក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់លោក បានត្រៀមខ្លួនរួចរាល់ ទាំងថវិកាប   ច្ចេ​កទេស និងធនធានមនុស្ស សម្រាប់រួមអនុវត្តគម្រោងព្រលានថ្មីនេះ ដោយបច្ចុប្បន្ន គឺនៅរង់ចាំតែការអនុម័តចុងក្រោយពីអ្នកឧកញ្ញា ពុង ឃាវសែ ប៉ុណ្ណោះ។

លោកលី សុខឆាយ បានបន្តថា ក្រុមហ៊ុនមហាសេដ្ឋីចិន និងក្រុមហ៊ុនLSCG បានចរចាជាមួយនឹងOCIC និងអ្នកឧកញ្ញា ពុង ឃាវសែ ជាច្រើនលើកមកហើយ មុននឹងឈានដល់ដំណាក់កាលត្រៀមថវិកា២០០លានដុល្លារ ពីទីក្រុងប៉េកាំងដោយផ្ទាល់នេះ។

លោកបន្តថា លើសពីនេះក្រុមហ៊ុនក៏បានសិក្សា លើផែនការមេនៃគម្រោងលទ្ធភាពនៃការវិនិយោគ ការងារបច្ចេកទេស ដែលក្រុមហ៊ុនអាចរួមសហការបាន ក៏ដូចជាហានិភ័យដែលអាចនឹងកើតមាន រួចរាល់ជាស្រេចអស់ហើយ។ គ្រប់យ៉ាងក៏ត្រូវបានដាក់បញ្ជូនទៅខាងក្រុមហ៊ុន ព្រលានយន្តហោះថ្មី និង OCIC រួចរាល់” លោកបានបន្ត។

ទោះជាយ៉ាងណា លោក លី សុខឆាយ នៅមិនទាន់បញ្ជាក់នៅឡើយទេថា ទុនវិនិយោគ២០០លានដុល្លារ នឹងត្រូវយកទៅប្រើប្រាស់លើផ្នែកណា ឬយកទៅធ្វើការងារអ្វីនៃគម្រោងព្រលានថ្មីនេះ ដោយរង់ចាំការអនុម័តចុងក្រោយពី អ្នកឧកញ្ញាពុង ឃាវសែជាមុនសិន។

ក្រុមហ៊ុនLSCGកន្លងមក ក៏បានដេញថ្លៃឈ្នះ ដើម្បីធ្វើការងារមួយចំនួនក្នុងគម្រោ​ងរបស់ OCIC ដូចជាគម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងបឹង៥០០ និងគម្រោងផ្សេងៗទៀតផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here