ក្រុមហ៊ុនយក្សTotal របស់បារាំង ចុះកិច្ចព្រមព្រៀងតម្លៃ២៧ពាន់លានដុល្លារ អាមេរិក

0

ដោយៈសុខុម

បាកដាដ: ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់បារាំងTotal ដែលបានប្ដូរឈ្មោះមកជា TotalEnergies បានចុះកិច្ចព្រមព្រៀងមួយ មានតម្លៃដល់ទៅ២៧ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ដើម្បីវិនិយោគលើការផលិតប្រេង ឧស្ម័ន និងថាមពលសូឡានៅប្រទេសអ៊ីរ៉ាក់ ខណៈប្រទេសនេះប្រឈមវិបត្តិថាមពលធ្ងន់ធ្ងរ។

សារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃទី៦ កញ្ញា នេះដោយដកស្រង់ប្រភពរបស់ AFPថា ការប្រកាសកិច្ចព្រមព្រៀង ដើម្បីចូលរួមចំណែកកាត់បន្ថយការពឹងផ្អែករបស់ប្រទេសអ៊ីរ៉ាក់ លើឥន្ធនៈហ្វូស៊ីលនេះធ្វើឡើង នៅពេលរដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ាក់ លោក Ihsan Ismail បានចុះកិច្ចព្រមព្រៀងនេះនៅក្រុងបាកដាដ ជាមួយលោក Patrick Pouyanne ប្រធានក្រុមហ៊ុនប្រេង TotalEnergies។

ទោះជាយ៉ាងណា ក្រុមហ៊ុនTotalEnergies មិនបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មា​នដោយផ្ទាល់ AFP អំពីតម្លៃ ឬរយៈពេលនៃកិច្ចព្រមព្រៀងនេះឡើយ។

ប៉ុន្តែក្រុមមន្រ្តីបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនយក្សបារាំង មួយនេះមានផែនការបោះទុនវិនិយោគ ចំនួន១០ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណេញដែលបានពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនោះ នឹងត្រូវយកមកវិនិយោគ សម្រាប់ការវិនិយោគជុំទី២ ដែលមានទំហំ១៧ពាន់លានដុល្លារអាមេរិក និងចុងក្រោយបន្ថែមឱ្យគ្រប់២៧ពាន់លានដុល្លារអាមេរិក។

លោក Ihsan Ismail បានថ្លែងថា “នេះជាការវិនិយោគធំបំផុត នៅក្នុងប្រទេសអ៊ីរ៉ាក់ ពីសំណាក់ក្រុមហ៊ុនលោកខាងលិច។ ការអនុវត្តគម្រោងទាំងនេះ គឺជាបញ្ហាប្រឈមដែលយើងកំពុងជួបប្រទះនៅពេលនេះ”។

លោក Patrick Pouyanne បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីខែមករា ដើមឆ្នាំនេះថា “រីករាយដែលបានមកកាន់ក្រុងបាសា (Basra) កន្លែង ដែលខ្ញុំបានទៅពិនិត្យមើលវាលយកឧស្ម័ន និងប្រេង។ ការកាត់បន្ថយការផ្ទុះឆេះ និងផលិតកម្មឧស្ម័ន ដែលកំពុងកើនឡើង គឺជាអាទិភាពមួយសម្រាប់ប្រទេសអ៊ីរ៉ាក់ ក៏ដូចជាក្រុមហ៊ុន Total ផងដែរ។ តោះ! យើងធ្វើការរួមគ្នា!”។

ប្រទេសអ៊ីរ៉ាក់ មានប្រេង និងឧស្ម័នបម្រុងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយថ្វីត្បិតតែខ្លួនជាប្រទេសផលិតប្រេងធំបំផុតទី២ នៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC) ក៏ដោយ ក៏អ៊ីរ៉ាក់ កំពុងជួបវិបត្តិថាមពលធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីរ៉ាំរ៉ៃ។

ជុំវិញបញ្ហានេះ ក្រុមមន្រ្តីអ៊ីរ៉ាក់ បានបកស្រាយថា  វិបត្តិនេះបណ្ដាលមកពីកង្វះការវិនិយោគ និងសភាពចាស់ទ្រុឌទ្រោម នៃបណ្ដាញថាមពលរបស់ប្រទេសនេះ ហើយហេតុផលដ៏ចម្បងមួយ គឺមកពីការធ្លាក់ចុះតម្លៃប្រេង ដែលតំណាងឱ្យជាង៩០%នៃប្រាក់ចំណូលរបស់រដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here