ដោយៈសុខុម
គូឡាឡាំពួ: ក្រុមហ៊ុនទូរគមនាគមន៍ម៉ាឡេស៊ី Telekom Malaysia Bhd (TM) កំពុងចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនទូរគមនាគមន៍ឥណ្ឌា Tata Communications Ltd ដើម្បីផ្តល់សេវា IP Transit សម្រាប់ការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿន ដល់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី៧ កញ្ញា។
ក្រុមហ៊ុន TM បានចេញសេចក្តីថ្លែងការណ៍ក្នុងថ្ងៃដដែលថា ការចាប់ដៃគូសហការគ្នានេះ ធ្វើឡើងដើម្បីផ្តល់ការតភ្ជាប់អ៊ីនធឺណិត ល្បឿនលឿនដែលមានស្ថិរភាព និងអាចទុកចិត្តបាននៅក្នុងតំបន់ និងបើកចំហទៅកាន់ក្រុមហ៊ុនសហគ្រាសទូទាំងពិភពលោក។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “កិច្ចសហការនេះនឹងធ្វើឱ្យអ្នកផ្តល់សេវាកម្ម ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត និងអ្នកផ្តល់សេវាកម្មអ៊ីនធឺណិតនានា ក្នុងតំបន់មានលទ្ធភាពឆ្លើយតប ទៅនឹងកំណើនតម្រូវការតភ្ជាប់ទិន្នន័យ របស់អតិថិជនខ្លួន តាមរយៈការផ្ដល់ច្រកចូល ទៅកាន់បណ្តាញ Internet Protocol (IP) លំដាប់លេខ១ របស់ពិភពលោក”។
សេចក្ដីថ្លែងការណ៍បានបន្តថា “កិច្ចសហការនេះ នឹងជួយផ្ដល់សេវា IP Transit (IPT) លំដាប់លេខ១ ជាសេវាតភ្ជាប់អ៊ីនធឺណិត ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចូលទៅកាន់គ្រប់វេបសាយ និងមាតិការព័ត៌មាន (Content) លើបណ្ដាញអ៊ីនធឺណិត។ វានឹងជួយជំរុញបន្ថែមទៀតនូវវិស័យនានា ដូចជា E-commerce កម្មវិធីកម្សាន្តតាមមអនឡាញ ការលក់រាយ ប្រតិបត្តិការធនាគារតាមអនឡាញ និងសេវាដឹកជញ្ជូនជាដើមដែលមានសន្ទុះកើនឡើងលឿនខ្លាំង នៅមួយរយៈពេលចុងក្រោយនេះ”។
ក្រុមហ៊ុន TM បានលើកឡើងបន្ថែមទៀតថា កិច្ចសហការនេះ ក៏នឹងជួយឱ្យក្រុមហ៊ុន Tata Communications មានលទ្ធភាពធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់របស់ក្រុមហ៊ុន TM ក្នុងតំបន់អាស៊ាន តាមរយៈបណ្តាញខ្សែកាបលើដីគោក និងខ្សែកាបក្រោមបាតសមុទ្រទៅកាន់បណ្ដាប្រទេសក្បែរខាង។
បណ្ដាញខ្សែកាបក្រោមបាតសមុទ្រនេះ រួមបញ្ចូលទាំងបណ្ដាញខ្សែកាបក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ សម្រាប់តភ្ជាប់ទៅកាន់ឥណ្ឌូចិន ព្រមទាំងបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ Nusantara Gateway សម្រាប់ការតភ្ជាប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ផងដែរ៕ The Edge Markets៕