ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ថ្លែងនៅក្នុងពិធីបើកពិព័រណ៍ចិន អាស៊ានលើកទី១៨ នៅពីថ្ងៃទី១០ កញ្ញា២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងអាចសម្រេចគោលដៅ នៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្ដើរៗ នៃសកម្មភាពសង្គម សេដ្ឋកិច្ចនាពេលឆាប់ៗខាងមុខនេះ។
សម្ដេចមានប្រសាសន៍ថា ជាលទ្ធផនៃកិច្ចខិតខំប្រឹងប្រែងខាងលើនេះ កម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ។ គិតត្រឹមដំណាក់ខែសីហា ឆ្នាំ២០២១នេះ ធៀបនឹងផែនការ ការចាក់វ៉ាក់សាំងចំនួន២ដូស ជូនពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបានចំនួន៨៦ភាគរយ និងដូសទី១សម្រាប់កុមារ និងយុវវ័យអាយុពី១២ដល់ក្រោម១៨ឆ្នាំ សម្រេចបាន៨១ភាគរយ ។
សម្ដេចតេជោបានបន្តថា ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដៃម្ខាងបានប្រយុទ្ធប្រឆាំង យ៉ាងសកម្មជាមួយនឹងជំងឺកូវីដ១៩ តាមរយៈការអនុវត្តន៍យុទ្ធសាស្ត្របីសំខាន់គឺទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តន៍នូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ ។
សម្ដេចមានប្រសាសន៍ថា “ចិន អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្ដារសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ តាមរយៈការបើកឱ្យទូលំទូលាយ ជាមុននូវទីភ្សារនិងរំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលដែលមានសក្ដានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត”។
ក្នុងនាមរដ្ឋាភិបាលកម្ពុជា សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាតាមរយៈជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលកូវីដ២៩ សម្ភារបរិក្ខារពេទ្យនិងជាពិសេសជំនួយវ៉ាក់សាំងបង្ករជំងឺកូវីដ១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិនផងដែរ ៕